សារព័ត៌មានរដ្ឋរបស់ចិន Global Times បានចូលរួមជាមួយមន្ត្រីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ក្នុងការសាទរចំពោះការកាត់បន្ថយទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ដែលគ្រប់គ្រងការផ្សាយដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ដែលតែងតែរាយការណ៍រិះគន់ទីក្រុងប៉េកាំង។
កាសែត Global Times បានលើកឡើងនៅក្នុងវិចារណកថាមួយ កាលពីថ្ងៃចន្ទថា៖«នៅពេលដែលរាយការណ៍ទាក់ទងនឹងប្រទេសចិន វិទ្យុ VOA មានកំណត់ត្រាតាមដានដ៏គួរឲ្យភ្ញាក់ផ្អើល»។
សារព័ត៌មាននេះ បានបន្តថា៖«ពីការលាបពណ៌សិទ្ធិមនុស្ស នៅក្នុងតំបន់ Xinjiang របស់ប្រទេសចិន [តំបន់ស្វ័យគ្រប់គ្រងអ៊ុយហ្គ័រ (Uyghur)] រហូតដល់ការបង្កជម្លោះ នៅសមុទ្រចិនខាងត្បូង ...និងចាប់ពីការប្រឌិតរឿងមេរោគចិន រហូតដល់ការលើកកម្ពស់ការអះអាងអំពី«ការផលិតផលិតផលលើសពីតម្រូវការទីផ្សារ»របស់ចិន គឺការមិនពិតទាំងអស់ដែលមានគំនិតអាក្រក់អំពីប្រទេសចិន ត្រូវបានផ្សព្វផ្សាយដោយវិទ្យុ VOA»។
អ្នកអត្ថាធិប្បាយជាតិនិយមផ្សេងទៀត រួមទាំងអ្នកសរសេរអត្ថបទអត្ថាធិប្បាយនយោបាយសម្រាប់ សារព័ត៌មាន Beijing Daily របស់គណបក្សកុម្មុយនីស្ត និងលោក ហ៊ូ ស៊ីជីន (Hu Xijin) អតីតនិពន្ធនាយកនៃ Global Times ក៏បានរិះគន់យ៉ាងធ្ងន់ៗចំពោះវិទ្យុ VOA និងវិទ្យុ RFA។