ភ្នំពេញ ៖ កម្ពុជាបានបង្ហាញលើឆាកអន្តរជាតិ នៃការអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា នាវានុវត្តន៍ និងការអភិវឌ្ឍ៍វិស័យឧស្សាហកម្ម ដែលកំពុងដើរស្របតាមបរិបថថ្មី ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ។
ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការចូលរួមប្រជុំកំពូលកម្មន្តសាលកម្ម និងឧស្សាហូបនីយកម្មសកល នៅទីក្រុងឌូបៃ នាពេលថ្មីៗនេះថា ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រតិភូកម្ពុជា ដោយកម្ពុជាបានធ្វើបទបង្ហាញចំណុច សំខាន់ៗរួមមាន៖ ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំពុងដើរតាមបរិបថថ្មី និងបានលើកឡើងអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នំា ២០១៥-២០២៥ ក៏ដូចគោលនយបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ និងការផ្តោតទៅលើសរសរស្តម្ភសំខាន់ៗចំនួន ៥ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ប្រែក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០របស់រាជរដ្ឋាភិបាល។
ឯកឧត្តម បន្តថា ពាក់ព័ន្ធកិច្ចប្រជុំកំពូលកម្មន្តសាលកម្ម និងឧស្សាហូបនីយកម្មសកល នៅទីក្រុងឌូបៃ គឺជាឱកាសដ៍ល្អមួយ នៅកម្ពុជា ក្រោយពេលដែលកម្ពុជាបានកំពុងជម្រុញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ទៅលើផ្នែកឧស្សាហកម្ម កម្មន្តសាល ក៏ដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យឌីជីថល ដែលវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌរយៈ ពេលវែងសំដៅជំរុញ និងតម្រង់ទិសបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យទទួលបានជោគជ័យ តាមរយៈការកំណត់ និងការអនុវត្តវិធានការគោលនយោបាយ ដែលឆ្លុះបញ្ចាំង និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ព្រមទាំងស្របតាមនិន្នា ការតំបន់ និងសកល និងពង្រីកបន្ថែម ដើម្បីគាំទ្រដល់ធុរកិច្ច និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ដើម្បីសម្រេចបាននូវគោលបំណង ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិរបស់ខ្លួននៅឆ្នាំ២០៣០ និង២០៥០ ហើយវិស័យនេះ ជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះ បាន សម្រាប់ប្រទេសកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅកម្រិតជាតិ តំបន់ និងអន្តរជាតិ៕
អត្ថបទ៖ សុន រ៉ាឌី