ដោយដកស្រង់សម្តីមន្ត្រីទួរគីដែលដឹងពីបញ្ហានេះ សារព័ត៌មាន Bloomberg News បានឲ្យដឹងនៅ ថ្ងៃអង្គារនេះថា ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ កំពុងធ្វើការ ដើម្បីទទួលបានកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) នៅសេតវិមាន ដែលអាចកើតឡើង នៅចុងខែមេសា។
របាយការណ៍បានបន្ថែមថា លោក អឺដូហ្កាន់ មើលឃើញថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងទួរគីកាន់តែជិតស្និទ ពិតជាមានសារៈសំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់ ជាពិសេសនៅពេលដែលទីក្រុងអង់ការ៉ាស្វែងរកតួនាទីកាន់តែធំ ក្នុងការសម្រុះសម្រួលជម្លោះពីអ៊ុយក្រែន រហូតដល់ប្រទេសស៊ីរី។
ការិយាល័យរបស់លោក អឺដូហ្កាន់ និងសេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មានរ៉យទ័រ សម្រាប់ការធ្វើអត្ថាធិប្បាយទេ។
ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម នៅក្នុងប្រទេសស៊ីរី សហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តជាមួយកងជីវពលឃើដស៊ីរី ដែលទួរគីចាត់ទុកថា ជាក្រុមភេរវករ។ ប្រទេសទួរគី បានរិះគន់យ៉ាងខ្លាំងចំពោះជំហររបស់អាមេរិកថា ជាការក្បត់សម្ព័ន្ធមិត្តណាតូ។
ការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី នៅឆ្នាំ ២០១៩ ដោយប្រទេសទួរគី ក៏នាំឲ្យមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការដកប្រទេសនេះ ចេញពីកម្មវិធីយន្តហោះចម្បាំង F-35 ផងដែរ។