បើយោងតាមលិខិតដែលផ្ញើទៅកាន់សមាជិករបស់ស្ថាប័ន កាលពីថ្ងៃចន្ទ (ទី១៧ ខែមីនា) បានឲ្យដឹងថា ក្រសួងយុត្តិធម៌ បានជូនដំណឹងដល់មន្ត្រីអឺរ៉ុបថា សហរដ្ឋអាមេរិកកំពុងដកខ្លួនចេញពីក្រុមចម្រុះជាតិសាសន៍ដែលបង្កើតឡើង ដើម្បីស៊ើបអង្កេតមេដឹកនាំដែលត្រូវទទួលខុសត្រូវ ចំពោះការលុកលុយ លើប្រទេសអ៊ុយក្រែន ក្នុងនោះរួមទាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ។
ការសម្រេចចិត្តដកខ្លួនចេញពីមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការកាត់ទោសឧក្រិដ្ឋកម្មនៃការលុកលុយ (ICPA) លើអ៊ុយក្រែនដែលរដ្ឋបាលរបស់លោក Joe Biden បានចូលរួមនៅឆ្នាំ២០២៣ គឺជាការបង្ហាញចុងក្រោយបំផុតនូវការបង្វែររបស់រដ្ឋបាលលោក Donald Trump ចេញពីការប្ដេជ្ញាចិត្តរបស់អតីតប្រធានាធិបតីអាមេរិក ក្នុងការដាក់ឲ្យលោក Putin ទទួលខុសត្រូវដោយផ្ទាល់ ចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តលើអ៊ុយក្រែន។

គួររំលឹកថា ក្រុមនេះត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងភាពជាអ្នកដឹកនាំរបស់រុស្ស៊ី រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ នៅបេឡារុស កូរ៉េខាងជើង និងអ៊ីរ៉ង់ ដែលត្រូវទទួលខុសត្រូវ ចំពោះទម្រង់នៃឧក្រិដ្ឋកម្ម ពោលគឺជាសកម្មភាពដែលត្រូវបានកំណត់ថា ជាការឈ្លានពាននៅក្រោមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ ដែលរំលោភលើអធិបតេយ្យភាពរបស់ប្រទេសមួយផ្សេងទៀត ខណៈដែលការធ្វើបែបនោះមិនត្រូវបានផ្តួចផ្តើមឡើង ដើម្បីការពារខ្លួននោះឡើយ។
នៅក្នុងលិខិតផ្ទៃក្នុងមួយដែលសារព័ត៌មាន New York Times ទទួលបាន ប្រមុខស្ថាប័នមេរបស់ក្រុមនេះ ដែលជាទីភ្នាក់ងារសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ ឬ EUROJUST គឺលោក Michael Schmid បានសរសេរថា៖ «អាជ្ញាធរសហរដ្ឋអាមេរិកបានជូនដំណឹងខ្ញុំថា ពួកគេនឹងបញ្ចប់ការចូលរួមរបស់ពួកគេនៅក្នុង ICPA នៅត្រឹមដំណាច់ខែមីនានេះ»។
ហើយលោកបានបញ្ជាក់បន្ថែមថា ក្រុមនេះនៅតែ «ប្តេជ្ញាចិត្តទាំងស្រុង» ក្នុងការធានាឲ្យមានអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មអន្តរជាតិស្នូល នៅក្នុងប្រទេសអ៊ុយក្រែន៕


