បើយោងតាមរបាយការណ៍របស់សហជីពសេរីភាពស៊ីវិល សម្រាប់អឺរ៉ុប ឬ Liberties បានឲ្យដឹងថា រូម៉ានី គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ៥ផ្សេងទៀត នៅអឺរ៉ុប រួមជាមួយប៊ុលហ្គារី ក្រូអាត អ៊ីតាលី និងស្លូវ៉ាគី ដែលថ្នាក់ដឹកនាំបាន «ធ្វើឲ្យខូចដល់នីតិរដ្ឋដោយចេតនាស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់»។
សហជីព Liberties បានចាប់ផ្តើមការអនុវត្តប្រចាំឆ្នាំរបស់ខ្លួន ក្នុងឆ្នាំ២០១៩ ដើម្បីតាមដានរបាយការណ៍នីតិរដ្ឋរបស់គណៈកម្មការអឺរ៉ុប ដែលត្រូវបានប្រើជាបធ្យោបាយត្រួតពិនិត្យពីស្ថានភាពល្អប្រសើររបស់លទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋជាសមាជិកសហភាពអឺរ៉ុប។

ហើយបើយោងតាមអ្នកនិពន្ធនៃរបាយការណ៍នេះ បានឲ្យដឹងថា ឆ្នាំនេះ អ៊ីតាលី ប៊ុលហ្គារី ក្រូអាត រូម៉ានី និងស្លូវ៉ាគី ត្រូវបានប្រមូលជាក្រុមប្រទេស ដែលផ្តល់ឲ្យមានកិច្ចប្រឹងប្រែងដោយចេតនា និងជាប្រព័ន្ធ ក្នុងការធ្វើឲ្យនីតិរដ្ឋចុះខ្សោយ នៅក្នុងគ្រប់វិស័យ។ នេះរាប់បញ្ចូលទាំងយុទ្ធនាការលាបពណ៌រីករាលដាល ហើយនិងការចេញនូវច្បាប់ជាច្រើន គោលនយោបាយ និងការដាក់កំហិតលើការផ្តល់មូលនិធិដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់នីតិរដ្ឋ។
អ្នកជំនាញច្បាប់ជាន់ខ្ពស់ នៅសហជីព Liberties លោក Viktor Kazai បាននិយាយថា៖ «ទិដ្ឋភាពជាមូលដ្ឋានទាំងអស់នៃនីតិរដ្ឋ បានប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំងឡើងៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ»។
នៅប្រទេសរូម៉ានី ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលថ្មីៗនេះ បានបង្ហាញថា តើបណ្ដាញសង្គម TikTok អាចធ្វើឲ្យអ្នកជាតិនិយមជ្រុលមិនសូវមានកេរ្តិ៍ឈ្មោះ អាចទទួលបានជ័យជំនះបានយ៉ាងដូចម្ដេច ខណៈដែលសេចក្ដីស្នើច្បាប់ ដើម្បីធានាឯករាជ្យរបស់ទូរទស្សន៍ និងវិទ្យុសាធារណៈ នៅតែជាប់គាំង ក្នុងសភាចាប់ តាំងពីឆ្នាំ២០២១។ តុលាការធម្មនុញ្ញបានលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំមុន ដោយសារមានរបាយការណ៍សម្ដាត់ដែលចោទប្រកាន់ថា មានការជ្រៀតជ្រែកពីរុស្សី ក្នុងសកម្មភាពអ៊ីនធឺណេត ដែលមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោត៕

