ភ្នំពេញ ៖ ការិយាល័យអេឡិចត្រូនិករបស់ឯឧត្តម ហ៊ុន ម៉ានី ដែលមានការរចនា និងដំឡើងជាមួយមុខងារយ៉ាងច្រើនសម្បូរបែបក្នុងគេហទំព័រ hunmany.kh ត្រូវបានប្រកាសដាក់ឱ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ការិយាល័យអេឡិចត្រូនិកនេះ គឺជាគេហទំព័រផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវបានរៀបចំដំឡើងក្នុងគោលបំណង ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់សាធារណជនក្នុងការ ស្វែងរកព័ត៌មាន និងផ្សារភ្ជាប់ទំនាក់ទំនងមកកាន់ឯកឧត្តម ហ៊ុន ម៉ានី លើគ្រប់ក្របខ័ណ្ឌការងារបានឆាប់រហ័សតាមរយៈប្រព័ន្ធអេឡិចត្រូនិក។
ការិយាល័យអេឡិចត្រូនិករបស់ឯកឧត្តម ហ៊ុន ម៉ានី មានគោលដៅ និងមុខងារចម្បង បួន សំខាន់ៗ ក្នុងនោះរួមមាន៖ (១) ជាប្រភពនៃព័ត៌មានផ្លូវការនានាអំពីឯកឧត្តម ហ៊ុន ម៉ានី ក្នុងទម្រង់ចំរុះ រួមមាន ជាអត្ថបទព័ត៌មាន វីដេអូឃ្លីប ឬឯកសារផ្សព្វផ្សាយ ដែលសាធារណជនអាចធ្វើការចូលមើល និងទាញយក (២) ផ្តល់នូវវេទិកាសម្រាប់បង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនងសាធារណៈដោយការបញ្ជ្រាបទស្សនាទាន សារខ្លី ឬសម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ហ៊ុន ម៉ានី ទៅកាន់មហាជនទាំងក្នុង និងក្រៅប្រទេសបន្ថែមលើមធ្យោបាយផ្សព្វផ្សាយ ដែលមានស្រាប់តាមបណ្តាញសង្គមនានា (៣)ជាយន្តការបង្ហាញពីបេសកកម្ម និងការបំពេញការងាររបស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងគ្រប់ក្របខណ្ឌការងាររួមមាន ៖ ការងារនយោបាយ ការងារក្នុងអង្គនីតិបញ្ញត្តិ ការងារមូលដ្ឋាន ការងារសង្គម និងការងារយុវជន ។ល។ និង (៤) ឆ្លុះបញ្ចាំងពីភាព ជាអ្នកដឹកនាំជំនាន់ថ្មីដែលចាំបាច់ក្នុងការសម្របខ្លួនតាមការវិវត្តន៍សង្គម ជាពិសេសក្នុងបរិបទ បដិវត្តន៍ឧស្សាហកម្មទី៤ ដោយការទាញប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពង្រីកវិសាលភាព និងប្រសិទ្ធភាព ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយសាធារណជន ។
ក្នុងនោះផងដែរ ជាមួយនឹងពហុមុខងារដូចមានរៀបរាប់ខាងលើ ការិយាល័យអេឡិចត្រូនិកនេះ នឹង អនុញ្ញាតឱ្យសាធារណជនទទួលបានព័ត៌មានរបស់ឯកឧត្តម ហ៊ុន ម៉ានី លើគ្រប់ក្របខណ្ឌការងារ រួមមាន ៖ (១) ប្រធានគណៈកម្មការអប់រំយុវជនកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (២) ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (៣)អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (៤)ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី (៥) អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ (៦)ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា៤.០។
សូមជម្រាបជូនដែរថា សម្រាប់គេហទំព័រ hunmany.kh ដែលប្រើប្រាស់ជាការិយាល័យ អេឡិចត្រូនិកនេះ គឺបានទទួលសិទ្ធក្នុងការប្រើប្រាស់ Domain.kh តែមួយគត់នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ហើយនិងបានដាក់បង្ហោះបានសម្រេចជាស្ថាពរ៕
អត្ថបទ ៖ រដ្ឋា




