សេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងធ្លាក់ក្នុងស្ថានភាពដុនដាប ខណៈដែលផលិតកម្មឧស្សាហកម្ម ធ្លាក់ចុះ ហើយក្រុមហ៊ុនមួយចំនួន ចាប់ផ្តើមការបញ្ឈប់បុគ្គលិក ក្នុងវិស័យការងារសំខាន់ៗ។
ទិន្នន័យរបស់ PMI (សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ) ចុងក្រោយបំផុត បានបង្ហាញពីការធ្លាក់ចុះទាំងផ្នែកសេវាកម្ម និងវិស័យឧស្សាហកម្ម ដោយសន្ទស្សន៍ផលិតកម្ម បានធ្លាក់ចុះពីកម្រិត ៥៣,១ ទៅ ៥០,២ពិន្ទុ ក្នុងរយៈពេលត្រឹមតែ មួយខែប៉ុណ្ណោះ។

ក្រុមអ្នកវិភាគ បានព្រមានថា អត្រាការប្រាក់ខ្ពស់ជាប្រវត្តិសាស្ត្រ ២១ភាគរយ កំពុងធ្វើឲ្យបញ្ហាសេដ្ឋកិច្ចរបស់រុស្ស៊ីកាន់តែធ្ងន់ធ្ងរ ដោយសារប្រទេសនេះ បានចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទ្រទ្រង់កិច្ចប្រឹងប្រែងសង្គ្រាមរបស់ខ្លួន។
លោក Olga Petrova ដៃគូគ្រប់គ្រងនៅក្រុមហ៊ុនពិគ្រោះយោបល់ VIZIVI Consult បានប្រាប់សារព័ត៌មានឯករាជ្យរបស់រុស្ស៊ី The Bell ថា៖«ក្រុមហ៊ុនជាច្រើនកំពុងពិភាក្សាស្ងាត់ៗ អំពីការកាត់បន្ថយបុគ្គលិកជាប់កិច្ចសន្យាពី ៤០-៥០ភាគរយ ក្នុងរួមទាំងអ្នកជំនាញផ្នែកព័ត៌មានវិទ្យាផងដែរ»។
គ្មានវិស័យណាមួយ ត្រូវបានរួចខ្លួននោះទេ សូម្បីតែឧស្សាហកម្មយោធា ដែលគោលដៅផលិតកម្ម កំពុងត្រូវបានខកខាន ហើយទិន្នផលកំពុងធ្លាក់ចុះ។ សូម្បីតែក្រុមហ៊ុនឧស្ម័នយក្ស Gazprom និងប្រតិបត្តិករទូរស័ព្ទចល័ត VK បានចាប់ផ្តើមកាត់បន្ថយបុគ្គលិកដែរ៕


