ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា បាននិយាយកាលពីថ្ងៃចន្ទ (ទី១៧ ខែមីនា) ថា ពួកគេបានដកខ្លួនចេញពីកិច្ចចរចាសន្តិភាពដែលបានគ្រោងទុក ក្នុងគោលបំណងដោះស្រាយជម្លោះដែលកំពុងកើនឡើង នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មលើមេដឹកនាំរបស់ខ្លួន និងលើមេបញ្ជាការកងទ័ពរ៉្វាន់ដា។
កាលពីព្រឹកថ្ងៃចន្ទ ក្រុមនេះ បានប្រាប់ថា ខ្លួននឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់រដ្ឋធានី Luanda របស់ប្រទេសអង់ហ្គោឡា នាថ្ងៃអង្គារ ពោលគឺមួយថ្ងៃបន្ទាប់ពីកុងហ្គោ បានបញ្ជាក់ពីការចូលរួមរបស់ខ្លួន ដោយបានផ្លាស់ប្ដូរការប្តេជ្ញារបស់រដ្ឋាភិបាល ដែលមានរយៈពេលយូរមកហើយថា នឹងមិនចរចាជាមួយក្រុមឧទ្ទាម។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមបានបើកការវាយលុកដ៏ធំមួយ នៅភាគខាងកើតនៃប្រទេសកុងហ្គោ ដោយដណ្តើមកាន់កាប់ដែនដី នៅឆ្នាំនេះ ដែលពួកគេមិនធ្លាប់បានគ្រប់គ្រងពីមុនមកទេ ក្នុងនោះរួមទាំងទីក្រុងធំជាងគេចំនួន២ របស់កុងហ្គោ នៅភាគខាងកើត និងតំបន់តូចៗជាច្រើនទៀត។
ក្រុម M23 បានដកខ្លួនពីកិច្ចចរចាសន្តិភាព បន្ទាប់ពី EU បានប្រកាសដាក់ទណ្ឌកម្មទាក់ទងនឹងការវាយលុកដែលផ្តោតលើមេដឹកនាំនយោបាយរបស់ខ្លួន លោក Bertrand Bisimwa និងមេបញ្ជាការកងទ័ពរ៉្វាន់ដា ក្នុងចំណោមអ្នកផ្សេងទៀត។ ប្រទេសរ៉្វាន់ដាបដិសេធមិនបានគាំទ្រក្រុមឧទ្ទាមដឹកនាំដោយជនជាតិភាគតិច Tutsi នេះឡើយ។
សម្ព័ន្ធក្រុមឧទ្ទាមដែលរួមមានទាំងក្រុម M23 នេះផងដែរ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទណ្ឌកម្មជាបន្តបន្ទាប់ដែលត្រូវបានដាក់លើសមាជិករបស់យើង ក្នុងនោះរួមទាំងការអនុម័ត មុនថ្ងៃមានកិច្ចពិភាក្សា នៅទីក្រុង Luanda ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសន្ទនាដោយផ្ទាល់ និងមិនធ្វើឲ្យមានវឌ្ឍនភាពណាមួយកើតឡើងបាន»៕