អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Avichay Adraee បានចេញបញ្ជាតាមបណ្តាញព័ត៌មានសង្គម Xនាថ្ងៃអង្គារនេះថា ឲ្យមានការជម្លៀសពលរដ្ឋនៅតាមសង្កាត់ជាច្រើនក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីននិយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៣៣០នាក់ ហើយវាបានគំរាមកំហែងដល់ការដួលរលំទាំងស្រុងបទឈប់បាញ់រយៈពេល ២ខែកន្លងមកនេះ ហើយអ៊ីស្រាអែលសន្យាប្រើកម្លាំង ដើម្បីរំដោះចំណាប់ថ្នូរសេសសល់ក្នុងតំបន់មួយនេះ ។
លោក Avichay និយាយថា លោកសូមធ្វើការព្រមានដល់ពលរដ្ឋនៅតំបន់ហ្កាហ្សាដែលស្ថិតក្នុងបន្ទាត់ក្រហម ជាពិសេសនៅសង្កាត់ Beit Hanoun, Khirbet Khuza'a, Abasan al-Kabira និងសង្កាត់ al-Jadida ។
សាក្សីឃើញផ្ទាល់ភ្នែកបានលើកឡើងថា សំឡេងផ្ទុះលាន់លឺពាសពេញដែនដីហ៊ុមព័ទ្ធមួយនេះ ហើយរថយន្តសង្រ្គោះ និងក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់ជួយជីវិតអ្នករបួស ។
យោធារបស់អ៊ីស្រាអែល បាននិយាយថា ខ្លួនបើកការវាយប្រហារដ៏ខ្លាំងក្លា និងទូលំទូលាយលើគោលដៅរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ខណៈបទឈប់បាញ់ដ៏ផុយស្រួយដែលបានចូលជាធរមានតាំងតែពីថ្ងៃទី១៩ ខែមករា ហាក់ត្រូវបានបំផ្លាញ ។
មន្ត្រីក្រុមហាម៉ាស់ បានចោទអ៊ីស្រាអែលថា បានបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ដោយឯកតោភាគី ហើយក្រុមជីហាតអ៊ិស្លាមក៏បានចោទអ៊ីស្រាអែល ថាមានចេតនាបំផ្លាញកិច្ចប្រឹងប្រែងទាំងអស់នៃបទឈប់បាញ់ ។ អំពើហិង្សាដែលកាន់តែខ្លាំងក្លាឡើងនេះ បានកើតឡើងស្របពេលការខ្វែងគំនិតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ពីមធ្យោបាយរក្សាបទឈប់បាញ់ ៣ដំណាក់កាល ដែលបានចាប់ផ្តើមកាលពីខែមករា ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា លោកបានណែនាំឲ្យយោធាចាត់វិធានការឲ្យបានខ្លាំងក្លាបំផុតលើក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ដើម្បីឆ្លើយតបចំពោះការបដិសេធន៍របស់ក្រុមមួយនេះ ពុំព្រមដោះលែងចំណាប់ថ្នូរ និងការច្រានចោលសំណើបទឈប់បាញ់ ៕