បេឡារុស៖ ទូរទស្សន៍រដ្ឋប្រទេសបេឡារុសបានបង្ហាញសកម្មភាពរបស់លោក Alexander Lukashenko ជួបជាមួយជនអន្តោប្រវេសន៍នៅទីក្រុង Bruzgi កាលពីថ្ងៃសុក្រ ជាកន្លែងដែលលោកបានសន្យាថានឹងផ្តល់ស្បៀងអាហារ និងសម្លៀកបំពាក់រដូវរងាដើម្បីស្នាក់នៅតាមព្រំដែនរវាងប្រទេសអតីតសហភាពសូវៀត និងប្រទេសប៉ូឡូញ។

លោក Lukashenko បានសន្យាបែបនេះក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់កន្លែងស្នាក់នៅ សម្រាប់ជនអន្តោប្រវេសន៍នៅព្រំដែន។ ដំណើរទស្សនកិច្ចរបស់លោក Lukashenko ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងជាច្រើនសប្ដាហ៍នៅព្រំដែន ដែលមនុស្សរាប់រយនាក់នៅតែជាប់គាំង។ ចាប់តាំងពីថ្ងៃទី៨ ខែវិច្ឆិកាមក មនុស្សមួយក្រុមធំដែលភាគច្រើនមកពីមជ្ឈិមបូព៌ាបានជាប់គាំង នៅក្នុងប្រទេសបេឡារុសនៅច្រកព្រំដែនជាមួយប្រទេសប៉ូឡូញ ខណៈកងកម្លាំងមកពីប្រទេសទាំង២ ប្រឈមមុខដាក់គ្នាទៅវិញទៅមក។ ជនអន្តោប្រវេសន៍ភាគច្រើនកំពុងរត់គេចចេញពីជម្លោះ ឬគិតថាអស់សង្ឃឹមនៅប្រទេស ហើយមានបំណងទៅកាន់ប្រទេសអាល្លឺម៉ង់ ឬប្រទេសអឺរ៉ុបខាងលិចផ្សេងទៀត។ លោក Lukashenko បានអំពាវនាវជាថ្មីឱ្យប្រទេសអាល្លឺម៉ង់ទទួលយកជនអន្តោប្រវេសន៍។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert កាលពីថ្ងៃសុក្របានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់លោក Lukashenko ដែលថា ប្រទេសអាល្លឺម៉ង់បានយល់ព្រមទទួលយកជនអន្តោប្រវេសន៍ចំនួន ២ពាន់នាក់ដែលបច្ចុប្បន្ននៅក្នុងប្រទេសបេឡារុស។ លោក Lukashenko បាននិយាយថា ក្រៅពីជនអន្តោប្រវេសន៍ប្រមាណ ២ពាន់នាក់នៅមូលដ្ឋានព្រំដែន មានជនអន្តោប្រវេសន៍ពី ២ពាន់នាក់ទៅ ៣ពាន់នាក់ទៀតកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស។ លោកបានសន្យាជាមួយជនអន្តោប្រវេសន៍ថា អាជ្ញាធរប្រទេសបេឡារុសនឹងជួយពួកគេឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ប្រសិនបើពួកគេមានបំណងត្រឡប់ទៅវិញ៕
អត្ថបទ៖ ប៊ុន ថន