វិមានក្រឹមឡាំង និយាយនៅថ្ងៃអង្គារនេះថា ពួកគេមានការព្រួយបារម្ភជាខ្លាំងចំពោះអ្វីដែលពួកគេចាត់ទុកថាជាចំនួនគ្រោះថ្នាក់ជនស៊ីវិលដ៏ច្រើន ក្រោយអ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៣៣០នាក់ ហើយវាបានគំរាមកំហែងដល់ការដួលរលំទាំងស្រុងបទឈប់បាញ់រយៈពេល ២ខែកន្លងមកនេះ ហើយអ៊ីស្រាអែលសន្យាប្រើកម្លាំង ដើម្បីរំដោះចំណាប់ថ្នូរសេសសល់ក្នុងតំបន់មួយនេះ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា លោកបានណែនាំឲ្យយោធាចាត់វិធានការឲ្យបានខ្លាំងក្លាបំផុតលើក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ដើម្បីឆ្លើយតបចំពោះការបដិសេធន៍របស់ក្រុមមួយនេះ ពុំព្រមដោះលែងចំណាប់ថ្នូរ និងការច្រានចោលសំណើបទឈប់បាញ់ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskovនិយាយថា ច្បាស់ណាស់ថា នេះគឺជារកើនឡើងស្ថានភាពតានតឹង គឺជាអ្វីមួយដែលធ្វើឲ្យពួកយើងមានការព្រួយបារម្ភជាខ្លាំង ។
លោកបន្តថា ជាការពិតណាស់ថា ពួកយើងមានការព្រួយបារម្ភជាពិសេសចំពោះព័ត៌មានថា មានគ្រោះថ្នាក់ច្រើននៅក្នុងចំណោមជនស៊ីវិល ។ ពួកយើងកំពុងតាមដានស្ថានភាពមួយនេះយ៉ាងយកចិត្តទុកដាក់ ហើយពួកយើងរង់ចាំឲ្យវាវិលត្រឡប់ទៅរកផ្លូវសន្តិភាពវិញ ៕