ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីតាជីគីស្ថានលោក Emomali Rahmon មាននូវជំនួបមួយកាលពីថ្ងៃចន្ទ ហើយនិងបានចូលរួមពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងទ្វេភាគី លើវិស័យបរិស្ថាន ហិរញ្ញវត្ថុ និងសន្តិសុខ ។
ថ្លែងនៅក្រោយពិធី លោក Putin និយាយថា រុស្ស៊ីនឹងសម្របសម្រួលសន្តិភាព និងស្ថិរភាពនៅអាស៊ីកណ្តាល ទទួលខុសត្រូវការងារប្រឈម និងការគំរាមកំហែងមានដើមកំណើតចេញពីទឹកដីអាហ្វហ្គានីស្ថាន ។
លោក Putin បន្តថា មូលដ្ឋានយោធាលេខ ២០១របស់រុស្ស៊ីនៅប្រទេសតាជីគីស្ថាន គឺជាគ្រឿងយុទ្ធោបករណ៍ ដើម្បីធានាសន្តិសុខក្នុងតំបន់ ។
លោក Rahmon បានបំពេញទស្សនកិច្ចនៅរុស្ស៊ី រយៈពេលច្រើនសប្តាហ៍ក្រោយគណបក្សកាន់អំណាចប្រជាធិបតេយ្យប្រជាមានិតរបស់លោក បានឈ្នះការបោះឆ្នោតសភា ហើយបច្ចុប្បន្នមាន ៤៧អាសនៈក្នុងចំណោម ៦៣អាសនៈនៅរដ្ឋសភា ។
លោកត្រូវបានបោះឆ្នោតដំបូងក្លាយជាប្រធានាធិបតីតាជីគីស្ថាន កាលពីឆ្នាំ ១៩៩៤ អំឡុងសង្រ្គាមស៊ីវិល មានរយៈពេលចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៧ ដែលបានសម្លាប់មនុស្សយ៉ាងហោច ១០ម៉ឺននាក់ ៕