ប្រទេសអាល់ហ្សេរីកាលពីថ្ងៃចន្ទ បានប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់បារាំង ក្នុងការនិរទេសជនជាតិអាល់ហ្សេរីរាប់សិបនាក់ ដោយបដិសេធ «ការគំរាមកំហែង» និង «ឱសានវាទ» របស់ទីក្រុងប៉ារីស ខណៈដែលទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែតានតឹងឡើង។
ក្រសួងការបរទេសអាល់ហ្សេរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរនឹងមិនទទួលយកបញ្ជីដែលប្រគល់ដោយប្រទេសបារាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងឈ្មោះជនជាតិអាល់ហ្សេរីប្រហែល ៦០នាក់ ដែលត្រូវបានកំណត់សម្រាប់ការនិរទេស។

ក្រសួងបានលើកឡើងពីតម្រូវការនីតិវិធី ប៉ុន្តែក៏បាននិយាយថា អាល់ហ្សេរី «បដិសេធជាដាច់ខាតចំពោះការគំរាមកំហែង និងការប៉ុនប៉ងបំភិតបំភ័យ ព្រមទាំង....ឱសានវាទ»។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់ថា ក្នុងការបដិសេធបញ្ជីឈ្មោះរបស់បារាំង អាល់ហ្សេរីត្រូវបាន «ជំរុញដោយចេតនាតែមួយគត់ ដើម្បីបំពេញកាតព្វកិច្ចការពារកុងស៊ុល សម្រាប់ពលរដ្ឋរបស់ខ្លួន» និងដើម្បីធានា «សិទ្ធិរបស់បុគ្គលដែលទទួលរងនូវវិធានការនិរទេស»។

