ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារ (ទី១៨ ខែមីនា) នេះ បានប្រាប់ថា យានដ្រូនរបស់អ៊ុយក្រែនចំនួន ៤៦គ្រឿង ត្រូវបានបំផ្លាញ អំឡុងការវាយប្រហារពេញមួយយប់លើតំបន់ជាច្រើន ដែលបានបណ្តាលឲ្យមនុស្ស ៦នាក់រងរបួស។ នេះបើយោងតាមការឲ្យដឹងពីអាជ្ញាធរក្នុងតំបន់។
ការវាយប្រហារនេះបានកើតឡើង នៅមុនពេលដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គ្រោងនឹងជួបពិភាក្សាគ្នា ស្តីអំពីលទ្ធភាពនៃការមានបទឈប់បាញ់ សម្រាប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរុស្ស៊ីកាន់កាប់យ៉ាងច្រើននូវដែនដីនៃប្រទេសជិតខាងរបស់ខ្លួន។
ក្រសួងបានប្រាប់ថា យានដ្រូនចំនួន ៤៦គ្រឿង ត្រូវបាន «បំផ្លាញ ឬស្ទាក់ចាប់» នៅតំបន់ Belgorod, Bryansk និង Kursk នៅជិតព្រំដែនអ៊ុយក្រែន ក៏ដូចជាតំបន់ Orlov ផងដែរ។
អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយថា នៅទីក្រុង Belgorod បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារការធ្លាក់បំណែកយានដ្រូន។
ចំណែកអភិបាលបណ្ដោះអាសន្ន លោក Alexander Khinstein បានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ថា មនុស្ស ៥នាក់ បានរងរបួស នៅក្នុងទីក្រុង Kursk នៅពេលដែលយានដ្រូន បានវាយប្រហារក្បែរឡានដឹកទំនិញដែលកំពុងដឹកនំប៉័ង៕