ស្ទឹងត្រែង ៖ មន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានធ្វើពិធីលែងកូនត្រីប្រមាណ៥ម៉ឺនក្បាល ចូលទៅក្នុងទឹកធម្មជាតិ ខាងលើផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២១។
លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផល បានឲ្យដឹងថា ត្រីចំនួន៦ប្រភេទ រួមទាំងត្រីមេពូជ ផងនោះ ត្រូវបានលែងចូលក្នុងទឹកទន្លេធម្មជាតិ នៃផ្ទៃអាងទំនប់វារីអគ្គិស នីសេសានក្រោម២ ដើម្បីឲ្យមាន តុល្យភាពគ្នា រវាងផ្នែកខាងលើ នៃទន្លេសេសានទំនប់វារីអគ្គិសនីសាសេសានក្រោម២ និងខាងក្រោមទន្លេ សេសាន (វារីអគ្គិសនី)។
ក្នុងពិធីលែងកូនត្រីលោក ស្រី សំវិចិត្រ នាយខណ្ឌជលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ពិធីលែងកូន ត្រីនៅខេត្តស្ទឹងត្រែង តែងតែធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីពង្រីកធនធានជលផល ឲ្យកាន់តែមានកំណើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋទទួលប្រចាំថ្ងៃ។
លោកនាយខណ្ឌ បានបន្តថា នៅចំពោះមុខ ពេលដែលមជ្ឈមណ្ឌលស្រាវជ្រាវវារីសាស្រ្ត ក្នុងខេត្ត ស្ទឹងត្រែង បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនោះ នឹងមានកន្លែងបង្កាត់ពូជត្រីដ៏ធំនៅភាគឦសានប្រទេស ហើយនឹងមានពូជត្រីជាច្រើនប្រភេទដើម្បីបង្កាត់ពូជ អាចជួយចែកចាយដល់កសិករក្នុងខេត្តនេះ យកទៅចិញ្ចឹម និងទទួលបានទាំងចំណេះដឹង និងបានយល់ពីការបៀបចិញ្ចឹមត្រី ពីមន្ត្រីជំនាញជលផលផងដែរ៕
អត្ថបទ៖ មាស ផល្លា