ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានព្រមានថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាមេរិក នៅពេលដែលបណ្ដាប្រទេសផ្សេងៗ វាយបកវិញដោយការយក «ពន្ធខ្ពស់» ដោយទីក្រុងប៉េកាំងមិនបានច្រានចោលពីលទ្ធភាពនៃការមានវិធានការបន្ថែមទៀត ខណៈដែលការដាក់ចេញកម្រិតពន្ធថ្មី ជិតកើតមានឡើង។
ដោយមានរយៈពេលជិត ២ខែ បន្ទាប់ពីវិលត្រលប់ទៅអង្គុយកៅអីសេតវិមានវិញ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កឲ្យមានជម្លោះពាណិជ្ជកម្ម ជាមួយប្រទេសចិន កាណាដា ម៉ិកស៊ិក និងសហភាពអឺរ៉ុប (EU)។ ហើយលោក Trump ក៏កំពុងគំរាមដំឡើងពន្ធបដិការ (ពន្ធតបតវិញ) ផងដែរ លើគ្រប់ប្រទេសដែលយកពន្ធការនាំចូលរបស់សហរដ្ឋអាមេរិក ដោយពន្ធគយទាំងនោះអាចនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែមេសា។
ដោយមិនបង្អែបង្អង់ ប្រទេសចិនបានឆ្លើយតបវិញ ជាមួយនឹងវិធានការតបត ក្នុងខែកុម្ភៈ និងខែមីនា នៅពេលដែលការដំឡើងពន្ធ ២ជុំរបស់លោក Trump ចូលជាធរមាន។ ហើយទីក្រុងប៉េកាំងត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងមានប្រតិកម្មតបយ៉ាងឆាប់រហ័ស ចំពោះពន្ធគយ នៅខែមេសាខាងមុខ ប្រសិនបើវាត្រូវបានអនុវត្ត។
នៅថ្ងៃអង្គារ (ទី១៨ ខែមីនា) នេះ សារព័ត៌មាន Global Times របស់ចិន បានសរសេរក្នុងវិចារណកថាថា៖ «ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដៃគូពាណិជ្ជកម្មរបស់ប្រទេសនេះ នឹងមិនអង្គុយដោយស្ងៀមនោះឡើយ។ ការសងសឹកដោយកម្រិតពន្ធខ្ពស់លើការនាំចេញរបស់សហរដ្ឋអាមេរិកអាចក្លាយជាជម្រើស សម្រាប់ប្រទេសជាច្រើន»។
ហើយជាមួយគ្នានេះ សារព័ត៌មាន Global Times បានបន្ថែមថា៖ «ប្រទេសជាច្រើនកំពុងប្រឹងប្រែងយ៉ាងសកម្ម ដើម្បីធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចរបស់ពួកគេ និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក ដោយបង្កើតសម្ព័ន្ធភាពពាណិជ្ជកម្មថ្មី»៕