មន្រ្តីនគរបាលជាន់ខ្ពស់មួយរូបដែលដឹកនាំវិធានការបង្រ្កាបរបស់ថៃ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មជ្ឈមណ្ឌលឆបោកនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា នៅបន្តប្រតិបត្តិការជាមួយមនុស្សរហូតដល់ ១០ម៉ឺននាក់ ហើយលោកបានអំពាវនាវឲ្យមានកងកម្លាំងពហុជាតិ ដើម្បីធ្វើមាតុភូមិនិវត្តន៍ និងកាត់ទោសកម្មករដែលត្រូវបាននាំចេញពីទីតាំងឆបោកទាំងអស់នោះ ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសថៃកំពុងប្រឈមមុខនឹងកិច្ចខិតខំក្នុងតំបន់ ដើម្បីរុះរើមជ្ឈមណ្ឌលឆបោកនៅតាមព្រំដែនរបស់ខ្លួន ដែលជាផ្នែកមួយនៃបណ្តាញទីតាំងខុសច្បាប់នៅអាស៊ីអាគ្នេយ៍ រកប្រាក់បានរាប់ពាន់លានដុល្លារ ដោយប្រើប្រាស់មនុស្សដែលត្រូវបានជួញដូរនៅទីនោះដោយក្រុមឧក្រិដ្ឋជន ។
លោកឧត្តមសេនីយ៍ Thatchai Pitaneelaboot ដែលជាប្រធានកងកម្លាំងការងារឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបាននិយាយថា វាអាចមានមនុស្សចន្លោះពី ៥ម៉ឺននាក់ ទៅ ១០ម៉ឺននាក់ នៅសេសសល់ ដោយសារពួកយើងនៅមើលឃើញពួកគេប្រតិបត្តិការនៅតំបន់ជុំវិញទីក្រុង Myawaddy របស់សហភាពមីយ៉ាន់ម៉ា ។
លោកបន្តថា ចំនួននេះផ្អែកលើរបាយការណ៍ចារកម្មនគរបាល ក៏ដូចជាព័ត៌មានទទួលបានពីក្រុមអាជ្ញាធរចិន ដែលបានបញ្ជាក់ថា ឧក្រិដ្ឋជនយ៉ាងហោច ៣.៧០០នាក់ បន្តប្រតិបត្តិការនៅទីនោះ ។
នៅថ្ងៃអង្គារនេះដែរ ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនជាង ៥០០នាក់ដែលត្រូវបានដោះលែងពីមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត ក្នុងប្រទេសមីយ៉ាន់ម៉ា ។
សូមបញ្ជាក់ថា ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដែលបានរីកដុះដាលនៅក្នុងតំបន់ព្រំដែនគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនឆ្នាំ បានទាក់ទាញពលករបរទេសយ៉ាងច្រើន ដោយសន្យាថា នឹងធ្វើការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ហើយបង្ខំពួកគេឲ្យឆបោកប្រាក់តាមអ៊ីនធឺណិត ។
បុគ្គលិកប្រហែល ៧ពាន់នាក់មកពីប្រទេសយ៉ាងតិចចំនួន ១២ ត្រូវបានដោះលែង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលភាគច្រើននៃពួកគេគឺជាជនជាតិ ៕