លោក Donald Trump និងលោក Vladimir Putin បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ១៨មីនា លើការបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីដាក់គោលដៅលើថាមពលរបស់អ៊ុយក្រែន ប៉ុន្តែពុំមានការធានាបទឈប់បាញ់ពេញលេញទេ ក្នុងជំនួបតាមទូរស័ព្ទនោះ។

មេដឹកនាំអាមេរិក និងរុស្ស៊ី បានពិភាក្សាគ្នាជាងមួយម៉ោងកន្លះ ហើយលោកទាំងពីរបានសម្តែងក្តីសង្ឃឹមក្នុងការផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទោះយ៉ាងណាក៏ដោយ ពុំមានកិច្ចព្រមព្រៀងណាមួយពីប្រធានាធិបតីរុស្ស៊ីសម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃពេញស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការវាយលុករបស់រុស្ស៊ីលើប្រទេសជិតខាងគាំទ្រលោកខាងលិចនោះទេ។

វិមានក្រឹមឡាំងបាននិយាយថា លោក Putin បានយល់ព្រមផ្អាកការវាយប្រហារលើគោលដៅថាមពលរបស់អ៊ុយក្រែនរយៈពេល ៣០ ថ្ងៃ ហើយថាលោកបានផ្តល់បញ្ជាដល់យោធារបស់លោករួចហើយ។
សេតវិមានបាននិយាយដាច់ដោយឡែកថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថាសកម្មភាពឆ្ពោះទៅរកសន្តិភាព នឹងចាប់ផ្តើមជាមួយនឹងបទឈប់បាញ់លើថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែននឹងគាំទ្រសំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ប៉ុន្តែបានព្រមានថារុស្ស៊ីកំពុងព្យាយាមអូសពេលការចរចាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងធ្វើឱ្យទីក្រុង Kyiv ចុះខ្សោយដោយការទាមទារថ្មីៗ៕