ប្រជាជនអ៊ីស្រាអែលបានប្រមូលផ្តុំគ្នាតវ៉ានៅខាងក្រៅអគាររដ្ឋាភិបាលក្នុងទីក្រុងហ្សេរុយសាឡឹម បន្ទាប់ពីយោធាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៤០០នាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ជាការវាយលុកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងតំបន់នេះ ចាប់តាំងពីបទឈប់បាញ់ដែលបានធ្វើឡើងកាលពីខែមករា។

ប្រជាពលរដ្ឋអ៊ីស្រាអែលបានស្ដីបន្ទោសលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្រោយលោកបញ្ជាវាយប្រហារលើតំបន់ហ្កាហ្សា ដែលលោកលើកឡើងថាក្រុមហាម៉ាស បានច្រានចោលសំណើដើម្បីទទួលបានការបន្តបទឈប់បាញ់ ខណៈក្រុមហាម៉ាស បន្ទោសអ៊ីស្រាអែលពីបំណងចង់បន្តសង្គ្រាមដោយមិនខ្វល់ពីជីវិតចំណាប់ខ្មាំងនៅសេសសល់។

ចំណែកនៅទីលានចតុរង្គ Times Square ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកវិញ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងបានសម្លាប់មនុស្សជាង៤០០នាក់កាលពីថ្ងៃអង្គារ១៨មីនា។ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនក្នុងចំនួនដ៏ច្រើន បង្ហាញការខឹងសម្បាចំពោះអ៊ីស្រាអែលអំឡុងពេលបាតុកម្មដែលបានចាប់ផ្តើមរយៈពេលប៉ុន្មានម៉ោងមុនពេលបំបែកជួរ។

រីឯនៅក្នុងទីក្រុង អាម៉ង់ (Amman) ប្រទេសហ្ស៊កដានី ឯណោះវិញ ប្រជាពលរដ្ឋបានចេញតវ៉ាតាមផ្លូវនានាកាលពីថ្ងៃអង្គារ ១៨មីនា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសម្លាប់មនុស្សដ៏រង្គាល ដោយបានរំលាយភាពស្ងប់ស្ងាត់ជិតពីរខែចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម។
ជាមួយគ្នានោះ នៅទីក្រុងប៉ារីស ប្រទេសបារាំង មនុស្សរាប់រយនាក់បានតវ៉ានៅកណ្តាលទីក្រុង កាលពីថ្ងៃអង្គារ ១៨ មីនា ដោយបានថ្កោលទោសការវាយប្រហារតាមអាកាសចុងក្រោយរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងអំពាវនាវឱ្យមានបទឈប់បាញ់។
ទន្ទឹមនឹងនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា តួនាទីរបស់អង្គការសហប្រជាជាតិ គឺដើម្បី “បញ្ចុះបញ្ចូលភាគីនានា” និងឱ្យសហគមន៍អន្តរជាតិ ជំរុញឱ្យមានបទឈប់បាញ់ បើកផ្លូវឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា៕