ការវាយប្រហារទ្រង់ទ្រាយធំដ៏បង្ហូរឈាមដែលសម្លាប់មនុស្សរាប់រយនាក់របស់អ៊ីស្រាអែល ទៅលើដែនដីហ្កាហ្សា បានទាក់ទាញការថ្កោលទោស និងរិះគន់ជាសាកលកាលពីថ្ងៃអង្គារ (១៨ មីនា) ខណៈអ៊ីស្រាអែលនិយាយថា ខ្លួនពុំមានជម្រើសអ្វីផ្សេងឡើយក្រៅតែពីការបន្តប្រតិបត្តិការយោធាជាថ្មី ដើម្បីនាំយកចំណាប់ថ្នូរទាំងអស់ត្រឡប់មកវិញ។

អ៊ីស្រាអែល បានប្តេជ្ញាបន្តការប្រយុទ្ធរហូតដល់ចំណាប់ថ្នូរទាំងអស់នៅក្នុងដៃពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ត្រូវបាននាំយកមកវិញ ខណៈក្រុមហាម៉ាស ដែលមិនបានឆ្លើយតបផ្នែកយោធាទេមកទល់ពេលនេះ បានចោទអ៊ីស្រាអែលថាបានព្យាយាមបង្ខំពួកគេឱ្យលើកទង់ស "ចុះចាញ់" និងបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ថ្នូរ។

អង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានាជុំវិញពិភពលោក បានថ្កោលទោសការវាយប្រហារនេះដោយមានការតវ៉ាយ៉ាងខឹងសម្បារជាអន្តរជាតិ ខណៈក្រុមគ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល បានអង្វរកដល់លោក Netanyahu ឱ្យបញ្ឈប់អំពើហិង្សានេះ ជុំវិញក្ដីបារម្ភពីជីវិតចំណាប់ថ្នូរ។

អង់គ្លេស និងបារាំង បានអំពាវនាវឱ្យអរិភាពជាថ្មីនេះត្រូវបញ្ចប់ ហើយរុស្ស៊ី និងចិន បានព្រមានប្រឆាំងនឹងការពង្រីកភាពតានតឹងក្នុងតំបន់ ខណៈអេហ្ស៊ីប កាតា ហ្ស៊កដានី និងទួរគី ព្រមទាំងប្រទេសជាច្រើន បានថ្កោលទោស និងរិះគន់ការបង្ហូរឈាមដ៏កាចសាហាវនេះ៕