ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២១នេះ បានរៀបចំការអបអរសារទរគម្រប់ខួប ៤៣ឆ្នាំនៃថ្ងៃកំណើតរបស់ខ្លួន។ ការរៀបចំពិធីអបអរសាទរនេះ គឺក្នុងគោលបំណងសំខាន់ចំនួន៣ រាប់បញ្ចូលទាំងការរម្លឹកនៃដើមកំណើត ការអបអរសាទរនូវសមិទ្ធផល និងការបង្ហាញពីស្មារតីសាមគ្គីភាព និងឯកភាព និងការប្តេជ្ញា ការការពារអធិបតេយ្យ ស្ថេរភាព និងសុខសន្តិភាពកម្ពុជាបច្ចប្បន្ន និងទៅថ្ងៃអនាគត។
សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស ស យ ក នៅថ្ងៃនេះ បានរៀបចំការអបអរសាទេគម្រប់ខួប ៤៣ឆ្នាំ នៃការដើមកំណើតរបស់ខ្លួន។ ខួបលើកទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងក្រោមប្រធានបទ «ស.ស.យ.ក. ត្រៀមខ្លួនគ្រប់កាលៈទេសៈដើម្បីចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ហើយបន្តប្តេជ្ញាថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង្សស្ថិតស្ថេរជាដរាបតរៀងទៅ»។
ក្នុងឱកាសពិធីអបអរសាទរគម្រប់ខួប ៤៣ឆ្នាំរបស់ខ្លួននេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា នេះជាការរៀបចំដើម្បីរម្លឹកខួបនៃការបង្កើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជា ផ្នែកមួយរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ដូចជាអបអរសាទរដល់សមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងបង្ហាញនូវស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញា ក្នុងនាមជាសមាជិកសមាជិកា និងក្នុងនាមជាមហាគ្រួសារខ្មែរ ក្នុងការការពារអធិបតេយ្យភាព ស្ថេរភាព និងសុខសន្តិភាពប្រទេសកម្ពុជាមិនថាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ឯកឧត្តមប្រធានក៏បានរម្លឹកដែរថា ការតាំងចិត្ត ការពុះពារ និងពលិកម្មរបស់អតីតយុវជននាពេលនោះ ជាពិសេសសម្តេចតេជោ ប្រធានស្ថាបនិករបស់យើង គឺជាកត្តាកំណត់ឈានឆ្ពោះទៅរកការបង្កើតសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំជារួមរបស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មតែមួយគត់គឺ រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ តាមរយៈរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានេះហើយ ដែលកម្ពុជាអាចឆ្លងផុតពីនរកអវចិយ៍ ហើយផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ វណ្ណៈ និងអាចអនុញ្ញាតឲ្យកម្ពុជាងើបឡើងពីចំណុចសូន្យ ដោយខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសរហូត ដូចអ្វីដែលយើងឃើញនាពេល ៤៣ ឆ្នាំក្រោយនេះ។
ក្នុងឱកាសដដែល ឯកឧត្តមប្រធាន ក៏បានលើកឡើងពីសមិទ្ធផលជាច្រើនដែល ស ស យ ក បានចូលករួមបំពេញដើម្បីសង្គមគ្រប់កាលទេសៈ ទោះបីក្នុងស្ថានភាពនៃជំងឺរាតត្បាតនេះយ៉ាងណាក្ដី។ការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក នៅពេលប្រទេសជួបវិបត្តិដូចក្នុងបរិបទកូវីដ-១៩នេះ បានបញ្ជាក់យ៉ាងច្បាស់ថា យើងមិនមែននៅជួរមុខ ឬនៅជាប់ជាមួយប្រជាជន តែក្នុងកាលៈទេសៈសប្បាយរីករាយនោះទេ។
ចំពោះយុវជនដែលបានចូលរួមក្នុងពិធីអបអរសាទរនាថ្ងៃនេះ ពួកគាត់គ្រប់គ្នាសុទ្ធតែបង្ហាញភាពពេញចិត្ត។ ពួកគាត់ថា ការចូលរួមជា ស ស យ ក ជាការចូលរួមដើម្បីសង្គមជាតិ។ ជាយុវជនសម័យបច្ចុប្បន្ន ពួកគាត់បង្ហាញការប្ដេជ្ញា ដោយថែរក្សាឱ្យបានសន្តិភាពជាមរតកដែលបានពីការពលីរបស់យុវជនជំនាន់មុន និងព្យាយាមកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ការអភិវឌ្ឍជាតិកម្ពុជា។
ក្រោយមហាសន្និបាតលើកទី៣ កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះមកជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីបន្តបុព្វហេតុ ការការពារ និងប្តេជ្ញារក្សាមិនឱ្យបាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និងបង្កើតសមិទ្ធផលនានាសម្រាប់កម្ពុជា។
គួរបញ្ជាក់ថា ថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងជាផ្នែកមួយរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយអតីត យុវជន ដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន ដើម្បីតស៊ូ រំដោះជាតិមាតុភូមិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍៕ អត្ថបទ៖ គឹមហុក





