ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងពង្រឹងកម្លាំងសេវាសង្គមដោយរៀបចំធ្វើ វិជ្ជាជីវៈនីយកម្មជាលក្ខណៈជាតិ និងមានបទដ្ឋានរួមសម្រាប់វិជ្ជាជីវៈសង្គមកិច្ច បង្កើនចំនួនកម្លាំងសេវាសង្គមឱ្យសមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន ដែលកម្លាំងសេវាសង្គមម្នាក់សម្រាប់ប្រជាជន ៣ ៥០០នាក់ ខណៈបច្ចុប្បន្នចំនួនអ្នកអាជីពសង្គមកិច្ច និងអ្នកអាជីពសង្គមកិច្ចរងនៅមានកម្រិតទាបហើយត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋជាមធ្យម ២៥ ០០០ នាក់ ក្នុង១ក្រុង ស្រុក ខណ្ឌ។

តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងការអភិវឌ្ឍ និងការលើកកម្ពស់ការផ្តល់សេវាក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា រួមមានច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពី សុំកូនអន្តរប្រទេស ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ គោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ការទទួលស្គាល់សារៈសំខាន់ នៃការអភិវឌ្ឍធនធានមនុស្ស រួមទាំងសេចក្តីត្រូវការក្នុងការពង្រីកនិងពង្រឹងកម្លាំងសេវាសង្គមត្រូវបាន យកចិត្តទុកដាក់ ជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានគ្រឹះស្ថានអប់រំសាធារណៈនិងឯកជន ផ្នែកសង្គមកិច្ច បាននិងកំពុងបណ្តុះបណ្តាលនិស្សិតរាប់រយនាក់ក្នុងមួយឆ្នាំៗ។
ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញគោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់ កម្លាំងសេវាសង្គមនៅកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់កម្លាំងសេវាសង្គម និងកំពុងបង្កើត គណៈវិជ្ជាជីវៈសង្គមកិច្ច ដែលជាយន្តការដឹកនាំ គ្រប់គ្រងក្នុងការផ្តល់ការទទួលស្គាល់ បន្ត ព្យួរ និងបញ្ចប់ អាជ្ញាបណ្ណ ដល់ស្ថាប័ន ឬភ្នាក់ងារផ្តល់សេវាសង្គម និងកម្លាំងសេវាសង្គមនៅកម្ពុជា។
យោងតាមការសិក្សាពិនិត្យឡើងវិញលើកម្លាំងសេវាសង្គមនៅបណ្តាប្រទេសមួយចំនួន រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលធ្វើឡើងដោយសម្ព័ន្ធកម្លាំងសេវាសង្គមសកលនិងអង្គការយូនីសេហ្វ នៅឆ្នាំ២០១៩ បានបង្ហាញឱ្យឃើញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីត្រូវការក្នុងការបង្កើនការវិភាជធនធានរបស់រាជរដ្ឋាភិបាលសម្រាប់កម្លាំងសេវាសង្គម ការបង្កើតផែនការយុទ្ធសាស្ត្រជាតិដែលផ្តល់អាទិភាព លើការអនុម័តបទដ្ឋានវិជ្ជាជីវៈសង្គមកិច្ច ការរៀបចំក្របខ័ណ្ឌច្បាប់ដែលកំណត់អំពីតួនាទី ការទទួលខុសត្រូវ ក្របខ័ណ្ឌគណនេយ្យភាពរួម ការពង្រឹង និងការរៀបចំការបណ្តុះបណ្តាល មុនពេល និងក្នុងពេលចូលបម្រើការងារដែលមានការបញ្ជាក់ និងការទទួលស្គាល់កម្លាំងសេវាសង្គម។
សម្ដេចធិបតីមានប្រសាសន៍ថា៖«បន្ថែមលើនេះ ចំនួនអ្នកអាជីពសង្គមកិច្ច និងអ្នកអាជីពសង្គមកិច្ចរងនៅមានកម្រិតទាប ដែលត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋជាមធ្យម ២៥ ០០០នាក់ ក្នុង១ក្រុង ស្រុក ខណ្ឌ។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនឹងពង្រឹងកម្លាំងសេវាសង្គមដោយរៀបចំធ្វើ វិជ្ជាជីវៈនីយកម្មជាលក្ខណៈជាតិ និងមានបទដ្ឋានរួមសម្រាប់វិជ្ជាជីវៈសង្គមកិច្ច បង្កើនចំនួនកម្លាំងសេវាសង្គម សមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន ដែលកម្លាំងសេវាសង្គមម្នាក់សម្រាប់ប្រជាជន ៣ ៥០០នាក់»។
សម្ដេចបានថ្លែងថា ដោយមើលឃើញអំពីសារៈសំខាន់របស់កម្លាំងសេវាសង្គម ដែលបានពលីកម្ម និងចំណាយកម្លាំងកាយចិត្ត ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ការការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម និង សិទ្ធិមនុស្ស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ទើបរាជរដ្ឋាភិបាល សម្រេចយកថ្ងៃទី១៩ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ដើម្បីប្រារព្ធពិធីអបអរសាទរ និងរំលឹក នូវស្នាដៃ សមិទ្ធផល និងជាការលើកទឹកចិត្តដល់កម្លាំងសេវាសង្គមនៅកម្ពុជា៕



