ចៅក្រមសហព័ន្ធ កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា បានរារាំងមហាសេដ្ឋី លោក Elon Musk និងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក ពីចំណាត់ការបន្ថែមទៀតដើម្បីបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបិទទីភ្នាក់ងារនេះ ទំនងជាបំពានរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីសម្រេចបឋម ចៅក្រមតំបន់របស់សហរដ្ឋអាមេរិក លោក Theodore Chuang ក្នុងរដ្ឋ Maryland បានបង្គាប់ឱ្យទីប្រឹក្សាប្រធានាធិបតីរបស់លោក Donald Trump គឺលោក Musk និងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ស្ដារឡើងវិញដំណើរការប្រព័ន្ធកុំព្យូទ័ររបស់ទីភ្នាក់ងារ USAID សម្រាប់បុគ្គលិកផ្ទាល់ និងបុគ្គលិកកិច្ចសន្យារបស់ទីភ្នាក់ងារ រួមទាំងមនុស្សរាប់ពាន់នាក់ទៀត ដែលត្រូវបានគេដាក់ឱ្យឈប់សម្រាក។

សេចក្តីសម្រេចនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបណ្តឹងរបស់និយោជិតទទាំងអតីតនិងបច្ចុប្បន្ន ដែលពេលនេះ កំពុងផ្អាកជុំវិញការរុះរើយ៉ាងឆាប់រហ័សនៃទីភ្នាក់ងារជំនួយបរទេស របស់សហដ្ឋអាមេរិក។