ភ្នំពេញ ៖ អ្នកធាក់ស៊ីក្លូ ៣០០នាក់ទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈរដូវរងានឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
អ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ទទួលបានអំណោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិតិ្តយសមូលនិធិត្រីចក្រយានកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមា និងថវិកាមួយចំនួនថែមទៀត ខណៈដែលរដូវរងានឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ការផ្តល់អំណោយទាំងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងលោកជំទាវ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា នាពេលដ៏ខ្លីខាងមុខនេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ដូច្នេះហើយ ទើបកាលពីថ្ងៃទី២៣វិច្ឆិកាកន្លងមកនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់ ក្រូចឆ្មា សម្ដេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តទាំង ២៥ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ខណៈដែលអាកាសធាតុនឹងចុះត្រជាក់នៅពេលខាងមុខនេះ។ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបានផ្ដល់នូវអាវរងា ក្រមា ភួយ និងថវិកាចំនួន៥ម៉ឺនរៀល ជូនដល់អ្នកធាក់ស៊ីក្លូក្នុងម្នាក់ៗយកទៅប្រើប្រាស់ពេលអាកាសធាតុចុះត្រជាក់ខ្លាំង ។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្តេចតេជោ តែងតែឈលើជួរមុខជានិច្ចចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ មិនថាក្មេង ឬមនុស្សចាស់ឡើយ។ ឯកឧត្ដម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានធ្វើការណែនាំដល់អ្នកធាក់ស៊ីក្លូទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវី-១៩ ពិសេសគឺ អនុវត្ត៣កុំនិង៣ការពាររបស់សម្តេចតេជោហ៊ុន សែន៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




