ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានបន្តរត់ភៀសខ្លួនជាថ្មីចេញពីភាគខាងជើងដែនដីហ្កាហ្សា ក្នុងទីក្រុង Beit Hanoon និងកន្លែងផ្សេងទៀត បន្ទាប់ពីមានបទបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ស្របពេលការវាយប្រហារតាមអាកាសយ៉ាងបង្ហូរឈាមសម្លាប់មនុស្សរាប់រយនាក់ នៅលើទឹកដីដែលហែកហួរដោយសង្រ្គាមមួយនេះ។

ជនស៊ីវិលបានចាប់ផ្តើមភៀសខ្លួននៅព្រឹកថ្ងៃអង្គារ (១៨ មីនា) ទៅកាន់ទីប្រជុំជន Jabalia ក្បែរនោះ ដើម្បីស្វែងរកទីសុវត្ថិភាព បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសសម្រាប់តំបន់ Beit Hanoon នៅភាគខាងជើងហ្កាហ្សា និងតំបន់ Khuza'a ព្រមទាំង Abasan នៅភាគខាងត្បូង ឱ្យចាកចេញពីតំបន់នោះភ្លាមៗ ដោយព្រមានថាទីនោះជា "តំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់"។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បាននិយាយនៅលើបណ្ដាញសង្គម X របស់ខ្លួន ដោយសំដៅទៅលើពលរដ្ឋហ្កាហ្សាថា "ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក អ្នកត្រូវតែជម្លៀសភ្លាមៗទៅកាន់ទីជម្រកនៅភាគខាងលិចទីក្រុងហ្កាហ្សា និងនៅ Khan Younis"។
ការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល ដែលអាជ្ញាធរប៉ាឡេស្ទីននិយាយថាបានសម្លាប់មនុស្សជាង ៤០០នាក់កាលពីថ្ងៃអង្គារ គឺជាការវាយប្រហារដ៏ធំបំផុត ចាប់តាំងពីមានបទឈប់បាញ់ជាមួយក្រុមប៉ាឡេស្ទីនហាម៉ាស ដែលពេលនេះហាក់ត្រូវបានរលាយ។ ទោះបីជាពេលមានបទឈប់បាញ់ក៏ដោយ ក៏អាជ្ញាធរក្នុងតំបន់ហ្កាហ្សាបានរាយការណ៍ពីការបំពានស្ទើរតែរាល់ថ្ងៃដោយកងទ័ពអ៊ីស្រាអែល៕