អ្នកស្រុកនៅទីក្រុង Bukavu ជាទីក្រុងធំបំផុតមួយក្នុងចំណោមទីក្រុងធំៗ នៅភាគខាងកើតប្រទេសកុងហ្គោ បានបង្ហាញការខកចិត្ត កាលពីថ្ងៃអង្គារ ខណៈក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា បានដកខ្លួនចេញពីកិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាលកុងហ្គោ។

កិច្ចសន្ទនា ដែលត្រូវបានគេមើលឃើញថាជាច្រកអាចឈានទៅរកសន្តិភាពក្នុងតំបន់ ត្រូវបានកំណត់ពេលចាប់ផ្តើមនៅប្រទេសអង់ហ្គោឡា។
ក្រុមឧទ្ទាម M23 និងសម្ព័ន្ធមិត្តរបស់ពួកគេ បានដកខ្លួនចេញពីកិច្ចចរចា ដោយលើកឡើងពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើមន្ត្រី M23 និងប្រទេសរ៉ា្វន់ដា។ សម្ព័ន្ធមិត្ត Congo River Alliance ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្តក្រុមឧទ្ទាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំណាត់ការរបស់សហភាពអឺរ៉ុប គឺសំដៅរារាំងដល់កិច្ចពិភាក្សាដែលរំពឹងទុក។

ក្រុមអ្នកប្រយុទ្ធ M23 បានដណ្តើមកាន់កាប់ទីក្រុងធំបំផុតចំនួនពីរនៅប្រទេសកុងហ្គោភាគខាងកើត គឺ ទីក្រុង Bukavu និងទីក្រុង Goma ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។
អង្គការសហប្រជាជាតិ និងមហាអំណាចអន្តរជាតិ បានចោទប្រកាន់ប្រទេសរ៉្វាន់ដា ថាបានផ្តល់អាវុធ និងទាហានដល់ក្រុមឧទ្ទាម M23 ។ ប៉ុន្តែប្រទេសរ៉្វាន់ដា បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើសកម្មភាពការពារខ្លួនប្រឆាំងនឹងកងទ័ព និងកងជីវពលរបស់ប្រទេសកុងហ្គោ។