បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃទី ១៨ មីនា ថាកិច្ចចរចាការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមីនា នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការពិភាក្សាដែលដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងប្រមុខការបរទេសលោក Marco Rubio នឹងផ្តោតលើព័ត៌មានលម្អិតសំខាន់ៗទាក់ទងនឹងបទឈប់បាញ់អ៊ុយក្រែន។លោកWitkoff ពុំបានបញ្ជាក់ថាតើគណៈប្រតិភូអាមេរិកនឹងជួបជាមួយអ្នកណាទេ ហើយនៅតែមិនច្បាស់ថាតើអ៊ុយក្រែន នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចពិភាក្សានេះ ឬយ៉ាងណានោះទេ។

លោក Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump ទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា បាននិយាយថា រហូតមកដល់ពេលថ្មីៗនេះ យើងពិតជាពុំទាន់មានការឯកភាពគ្នាជាផ្លូវការជុំវិញទិដ្ឋភាពទាំងពីរនេះទេ គឺបទឈប់បាញ់លើថាមពល និងហេដ្ឋារចនាសម្ព័ន្ធ និងការផ្អាកការបាញ់ប្រហារនៅសមុទ្រខ្មៅ ហើយពេលនេះ យើងបានទៅដល់ចំណុចនោះ ហើយលោកគិតថា នៅមិនឆ្ងាយទេ សម្រាប់បទឈប់បាញ់ពេញលេញ។
លោក Witkoff បាននិយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយរបស់លោកជាមួយលោក Putin បានធ្វើឱ្យមានការរីកចម្រើនជាច្រើន។

ការលើកឡើងនេះ កើតមានក្រោយជំនួបតាមទូរសព្ទរវាងមេដឹកនាំរុស្ស៊ី និង អាមេរិក កាលពីថ្ងៃទី១៨មីនា ដោយមេដឹកនាំទាំងពីរ បានព្រមព្រៀងផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទៅវិញទៅមករវាងអ៊ុយក្រែន និងរុស្ស៊ី ៕