រុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកនៅព្រឹកថ្ងៃពុធ (១៩ មីនា) នេះ ថាបានបើកការវាយប្រហារតាមអាកាស ដែលបង្កឱ្យមានអគ្គិភ័យ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមបញ្ឃប់ការវាយប្រហាររយៈពេលខ្លីលើបណ្ដាញថាមពលអ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរសព្ទរយៈពេល ១ម៉ោងកន្លះជាមួយលោកប្រធានាធីបតីអាមេរិក Donald Trump។

គួរឱ្យដឹងថា លោក Putin បានយល់ព្រមបញ្ឈប់ការវាយប្រហារជាបណ្ដោះអាសន្នលើរោងចក្រថាមពលអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនគាំទ្របទឈប់បាញ់រយៈពេល ៣០ថ្ងៃពេញនោះទេ ខណៈលោក Trump កំពុងស្វះស្វែងសម្រេចឱ្យបានជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។

លោក Andriy Yermak ប្រធានបុគ្គលិកអ៊ុយក្រែន បាននិយាយនៅលើតេលេក្រាមថា "ឥឡូវនេះ រុស្ស៊ី កំពុងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជន"។ អាជ្ញាធរក្នុងតំបន់ Sumy នៅភាគឦសានអ៊ុយក្រែន និយាយថា ការវាយប្រហារយានដ្រូនរបស់រុស្ស៊ី បានធ្វើឱ្យខូចខាតមន្ទីរពេទ្យពីរកន្លែងនៅទីនោះ ដោយមិនធ្វើឱ្យមានអ្នករបួសទេ ប៉ុន្តែបានបង្ខំឱ្យមានការជម្លៀសអ្នកជំងឺ និងបុគ្គលិកពេទ្យ។

ដោយឡែក អាជ្ញាធរនៅក្នុងតំបន់ Krasnodar ភាគខាងត្បូងរុស្ស៊ី បាននិយាយនៅព្រឹកថ្ងៃពុធថា ការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន បង្កឱ្យមានអគ្គិភ័យតូចមួយនៅឯឃ្លាំងប្រេងដែលមានទីតាំងនៅជិតភូមិ Kavkazskaya ។ សារព័ត៌មាន SHOT របស់រុស្ស៊ី លើតេលេក្រាម បានបង្ហោះវីដេអូនៃការឆាបឆេះនៅពេលយប់ ដែលមើលទៅដូចជាតំបន់ឧស្សាហកម្ម៕