ភ្នំពេញ៖ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសថា កឹម សុខា និង សម រង្ស៊ី លែងជាមនុស្សតែមួយ ហើយលោកបានប្រតិកម្មនឹងទណ្ឌិត សម រង្ស៊ី ដែលយកឈ្មោះលោកទៅភ្ជាប់នឹងសកម្មភាពផ្សេងៗ រួមទាំងនៅពីក្រោយនៃការធ្វើសមាជគណបក្សភ្លើងទៀន។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក កឹម សុខា បានឲ្យដឹងថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និងសហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្លួនទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញាត ឬគាំទ្រពីលោក ។
លោកបន្តថា លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរ ឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន ។
លោកបន្ថែមថា “ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះមិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ” ។
លោក កឹម សុខា បានសង្កត់ធ្ងន់ថា “អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និងក្រុមខាងលើឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិ មានការភ័ន្តច្រឡំ ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ” ៕

