អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច OECD បានព្រមានថា សង្រ្គាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកបែកបាក់ និងពន្យឺតកំណើនឡើងវិញ ព្រមទាំងជំរុញអតិផរណាសកល។

OECD បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសចក្រភពអង់គ្លេស ក្នុងតួលេខ ០,៣% នៅឆ្នាំនេះ ដោយធ្លាក់ទៅដល់ ១,៤% និងបន្ថយការព្យាករ ០,១% សម្រាប់ឆ្នាំ២០២៦ ដល់តួលេខ ១,២% ដែលគូសបញ្ជាក់ពីបញ្ហាប្រឈមសម្រាប់ប្រធានធនាគារកណ្ដាលអង់គ្លេស មុនពេលសេចក្តីថ្លែងការណ៍សេដ្ឋកិច្ចនិទាឃរដូវនៅសប្តាហ៍ក្រោយ។

OECD ដែលជាស្ថាប័នតំណាងឱ្យប្រទេសមានសេដ្ឋកិច្ចខ្លាំងបំផុតរបស់ពិភពលោកនេះបាននិយាយថា កម្រិតខ្ពស់នៃកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពខ្ពស់នាពេលថ្មីៗនេះដើម្បីកាត់បន្ថយអតិផរណា កំពុងត្រូវបានបំផ្លិចបំផ្លាញ ដោយសាររបាំងពាណិជ្ជកម្មកាន់តែខ្ពស់ជុំវិញការដំឡើងពន្ធរបស់អាមេរិក និងភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ ដែលកំពុងកើនឡើង។

ដោយផ្អែកលើការព្យាកររបស់ខ្លួនលើការសន្មត់ថា លោក Trump នឹងបន្តទៅមុខជាមួយនឹងផែនការដាក់ពន្ធ ២៥% លើការនាំចូលទំនិញស្ទើរតែទាំងអស់ពីកាណាដា និងម៉ិកស៊ិក ចាប់ពីខែមេសា ខាងមុខនេះ និងការដំឡើងពន្ធផ្សេងទៀត ស្ថាប័ន OECD បាននិយាយថា សកម្មភាពបែនោះនឹងបង្កផលប៉ះពាល់ទូលំទូលាយ ហើយអតិផរណានឹងគ្របដណ្ដប់នៅទូទាំងសេដ្ឋកិច្ចរបស់ប្រទេសទាំងបីនេះ៕