ភ្លៀងធ្លាក់ដ៏ខ្លាំងក្លាដែលបង្កឡើងដោយព្យុះ Laurence បានបង្កឱ្យមានទឹកជំនន់ដ៏ធំហូរកាត់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអង្គារ (១៨ មីនា) ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ ទឹកជំនន់ជន់លិចផ្លូវថ្នល់ និងផ្ទះសម្បែង ជាពិសេសនៅតំបន់ភាគខាងត្បូង Andalusia ខណៈអាជ្ញាធរប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋជិត ៤០០គ្រួសារចេញពីតំបន់ជាច្រើន។

សេវាកម្មសង្គ្រោះបន្ទាន់នៅភាគខាងត្បូងអេស្ប៉ាញ កំពុងស្វែងរកមនុស្ស ២នាក់ដែលបានបាត់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីទឹកជំនន់យ៉ាងគំហុកបានបោកបក់នាំយករថយន្តរបស់ពួកគេ ហើយអាជ្ញាធរបានបិទផ្លូវ និងថ្នាក់រៀនជាច្រើន ដោយជំរុញពលរដ្ឋឱ្យគោរពតាមការព្រមានពីសុវត្ថិភាព។

អេស្ប៉ាញ ដែលរងពីគ្រោះរាំងស្ងួតដ៏យូរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានទទួលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសនៅភាគខាងត្បូងរបស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ ហើយព្យុះ Laurence ថ្មីនេះបានទម្លាក់ទឹកភ្លៀងច្រើនលើសលប់សម្រាប់អាងស្តុកទឹក និងច្រាំងទន្លេ ដែលធ្វើឱ្យហូរហៀរជន់លិចតំបន់ក្បែរនោះ។

អ្នកវិទ្យាសាស្ត្រ និងមន្ត្រីរដ្ឋាភិបាលបានផ្សារភ្ជាប់បញ្ហាអាកាសធាតុនៃភាពស្ងួតហួតហែង និងសើមខ្លាំង ទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលបណ្តាលឱ្យរដូវក្តៅកាន់តែក្តៅខ្លាំងនៅអេស្ប៉ាញផងដែរ៕