បាល់ទាត់៖ ក្រុមជម្រើសជាតិកម្ពុជាបានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជាផ្លូវការហើយ កាលពីចុងសប្ដាហ៍កន្លងទៅពោលគឺក្រោយ ១ថ្ងៃបន្ទាប់ពីបញ្ចប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នៅសិង្ហបុរីនាដើមសប្ដាហ៍ក្រោយ។

ជាមួយការចាប់ផ្ដើមប្រមូលផ្ដុំនេះ គ្រូជំនួយក្រុមគោព្រៃកម្ពុជាលោក ភា សុភ័ក្ដ្រា បានបញ្ជាក់នូវមូលហេតុមួយចំនួនជុំវិញការកោះហៅកីឡាករ ៣០នាក់មកប្រមូលផ្ដុំ ពោលគឺដោយសារគណៈកម្មការៀរបចំពាន Suzuki Cup អនុញ្ញាតឲ្យក្រុមនីមួយៗនាំយកកីឡាករបញ្ជីចុងក្រោយ ៣០នាក់ទៅប្រកួតដើម្បីបង្ការការឆ្លងនូវជំងឺកូវីដ-១៩ ងាយស្រួលក្នុងការដោះដូរកីឡាករ។ អាស្រ័យហេតុនេះ ក្រុមការងារគ្រូ ក៏បានគិតគូដល់គោលដៅស៊ីហ្គេមឆ្នាំ២០២៣ ដោយការកោះហៅកីឡាករបានផ្ដោតលើកីឡាករ ៣ដំណាក់កាល ទី១-កីឡាករត្រៀមការប្រកួត Suzuki Cup នៅសិង្ហបុរី ទី២-កីឡាករត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម និងទី៣-កីឡាករត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ តាមរយៈនេះលោកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការអនុញ្ញាតឲ្យនាំបញ្ជីកីឡាករចុងក្រោយ ៣០នាក់ចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ឆ្នាំនេះ។
គួរដឹងថា ក្រុមជម្រើសជាតិកម្ពុជាមានពេលប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុក ៦ថ្ងៃមុនចេញទៅសិង្ហបុរី ដែលគ្រោងចាកចេញពីមាតុភូមិនាថ្ងៃទី០២ ខែធ្នូចុងសប្ដាហ៍នេះ ពោលគឺស្មើនឹង ៤ថ្ងៃមុនជំនួបបើកឆាកជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនាថ្ងៃទី០៦ ខែធ្នូខាងមុខ។ បេសកកម្មនេះ កម្ពុជាស្ថិតក្នុងពូល B ជាមួយម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និងឡាវ ខណៈពូល B មានក្រុមខ្លាំងថៃ ហ្វីលីពីន មីយ៉ាន់ម៉ា ទីម័រខាងកើត និងម្ចាស់ផ្ទះសិង្ហបុរី។ ចំពោះកាលបរិច្ឆេទប្រកួតនឹងធ្វើឡើងពីថ្ងៃទី០៥ ខែធ្នូដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា