ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ួទី នៅប្រទេសយេម៉ែន នៅព្រឹកថ្ងៃពុធ (ទី១៩ ខែមីនា) នេះ បានរាយការណ៍ថា យ៉ាងហោចណាស់មានការវាយប្រហាររបស់សហរដ្ឋអាមេរិកចំនួន ១០ដង លើតំបន់គោលដៅជាច្រើន ក្នុងប្រទេសយេម៉ែន ក្នុងនោះរួមមានទាំងខេត្ត Saada និង Hodeidah ផងដែរ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារមួយនៅក្នុងតំបន់ជាច្រើននៃប្រទេសយេម៉ែនគ្រប់គ្រងដោយក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ គឺក្រុមហ៊ួទីដែលបាននិយាយកាលពីសប្តាហ៍មុនថា ពួកគេកំពុងចាប់ផ្ដើមវាយប្រហារឡើងវិញលើការដឹកជញ្ជូនតាមសមុទ្រក្រហម ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។

អ្នកនាំពាក្យយោធារបស់ក្រុមហ៊ួទី លោក Yahya Sarea បាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងហ៊ួទី បានរកឃើញចលនាយោធាអរិភាព នៅក្នុងសមុទ្រក្រហម ដើម្បីត្រៀមបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើប្រទេសនេះ។
ដោយមិនបានផ្តល់ភស្តុតាង លោក Sarea បានបន្ថែមថា ក្រុមហ៊ួទីបានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះ USS Harry S. Truman និងនាវាចម្បាំងផ្សេងទៀត ដោយប្រើប្រាស់មីស៊ីល និងយានដ្រូន ដែលរារាំងការវាយប្រហាររបស់សហរដ្ឋអាមេរិក៕

