អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ (ទី១៩ ខែមីនា) បានឲ្យដឹងថា មនុស្សរាប់សែននាក់ត្រូវបានបង្ខំភៀសខ្លួនចេញពីគ្រោះមហន្តរាយអាកាសធាតុ នៅឆ្នាំ២០២៤ ដោយគូសបញ្ជាក់ពីតម្រូវការបន្ទាន់ ក្នុងការមានប្រព័ន្ធព្រមានជាមុនដែលគ្របដណ្តប់ផែនដីទាំងមូល។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ស្ដីអំពីស្ថានភាពអាកាសធាតុសកលរបស់អង្គការឧតុនិយមពិភពលោក (WMO) ដែលជាទីភ្នាក់ងារអាកាសធាតុ និងបម្រែបម្រួលអាកាសធាតុរបស់ UN បានបង្ហាញថា បណ្ដាប្រទេសក្រីក្ររងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារព្យុះស៊ីក្លូន គ្រោះរាំងស្ងួត ចំហេះព្រៃ និងគ្រោះមហន្តរាយផ្សេងៗទៀត។
WMO បានឲ្យដឹងថា ចំនួនជាកំណត់ត្រានៃមនុស្សដែលបានភៀសខ្លួនចេញពីគ្រោះមហន្តរាយអាកាសធាតុ គឺផ្អែកលើតួលេខពីមជ្ឈមណ្ឌលត្រួតពិនិត្យការផ្លាស់ទីលំនៅអន្តរជាតិ (IDMC) ដែលបានប្រមូលទិន្នន័យលើប្រធានបទនេះ ចាប់តាំងពីឆ្នាំ២០០៨ មក។

ក្នុងចំណោមប្រទេសមានអ្នកភៀសខ្លួនពីគ្រោះមហន្តរាយអាកាសធាតុ ប្រទេសក្រីក្រម៉ូហ្សំប៊ិក មានមនុស្សប្រហែល ១០០.០០០នាក់ ដែលបានផ្លាស់ទីលំនៅដោយសារព្យុះស៊ីក្លូនឈ្មោះ Chido។ ប៉ុន្តែប្រទេសអ្នកមាន ក៏រងគ្រោះដែរ ដោយ WMO លើកឡើងពីទឹកជំនន់នៅទីក្រុង Valencia របស់អេស្ប៉ាញ ដែលបានសម្លាប់មនុស្ស ២២៤នាក់ និងចំហេះព្រៃដ៏សន្ធោសន្ធៅ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលបានបង្ខំមនុស្សជាង ៣០០.០០០នាក់ឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព។
ប្រធានទីភ្នាក់ងារនេះ លោកស្រី Celeste Saulo បាននិយាយថា៖ «ជាការឆ្លើយតប WMO និងសហគមន៍ពិភពលោក កំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធព្រមានជាមុន និងសេវាកម្មអាកាសធាតុ»។ លោកស្រី បានបន្ថែមថា WMO ចង់ឲ្យមនុស្សគ្រប់រូបនៅលើពិភពលោក ត្រូវបានគ្របដណ្តប់ដោយប្រព័ន្ធបែបនេះ នៅចុងឆ្នាំ២០២៧៕


