អ្នកដែលបានចូលរួមចលនាដែលកំពុងកើនឡើង នៅទូទាំងទ្វីបអឺរ៉ុប និងកាណាដា ដើម្បីធ្វើពហិការផលិតផលសហរដ្ឋអាមេរិក និយាយថា នេះគឺជាវិធីតែមួយគត់ដែលពួកគេដឹងថា តើត្រូវប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
បើយោងតាមកម្មវិធី Google Trends បានឲ្យដឹងថា ការស្វែងរកពាក្យ «Boycott USA» និង «Boycott America» បានកើនឡើងនៅពេលដែលលោក Trump បានប្រកាសការដំឡើងពន្ធថ្មី ដោយតំបន់ស្វែងរកជាងគេ រួមមានប្រទេសដាណឺម៉ាក កាណាដា និងបារាំង។

ក្នុងចំណោមអ្នកធ្វើពហិការទាំងឡាយ មន្ត្រីនគរបាលចូលនិវត្តន៍របស់ដាណឺម៉ាកម្នាក់ឈ្មោះ Ivan Hansen និយាយថា ឥឡូវនេះ រូបលោកបានពិនិត្យផលិតផលនីមួយៗយ៉ាងប្រុងប្រយ័ត្ន នៅផ្សារទំនើប ដើម្បីចៀសវាងមិនទិញរបស់ប្រើប្រាស់ផលិតនៅសហរដ្ឋអាមេរិក។
មនុស្សរាប់ពាន់នាក់ នៅទូទាំងទ្វីបអឺរ៉ុប និងកាណាដា កំពុងចូលរួមជាមួយក្រុមនៅលើបណ្ដាញសង្គម Facebook ជាកន្លែងដែលពួកគេផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក អំពីរបៀបចៀសវាងមិនទិញផលិតផលរបស់សហរដ្ឋអាមេរិក និងស្វែងរកជម្រើសផ្សេងទៀត។ អារម្មណ៍ពហិការនេះ គឺមានខ្លាំងជាពិសេស នៅទូទាំងតំបន់អឺរ៉ុបខាងជើង ហើយប្រហែលជាខ្លាំងបំផុត នៅក្នុងប្រទេសដាណឺម៉ាក ដោយសារការគំរាមកំហែងរបស់លោក Trump ដែលចង់ដណ្តើមគ្រប់គ្រងដែនដី Greenland។
ក្នុងពេលជាមួយគ្នានេះ ប្រតិកម្មជាសកល ក៏កំពុងកើតមានផងដែរ ប្រឆាំងនឹងរថយន្ត Tesla របស់លោក Elon Musk ដោយសារម៉ាកយីហោរថយន្តនេះជាប់ទាក់ទងជាមួយលោក Trump ដោយការលក់ធ្លាក់ចុះនៅអឺរ៉ុប និងកាណាដា។ នៅប្រទេសអាឡឺម៉ង់ នគរបាលកំពុងស៊ើបអង្កេត បន្ទាប់ពីរថយន្ត Tesla ចំនួន ៤គ្រឿង ត្រូវបានដុតកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក៕

