ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួន ដើម្បីបញ្ឈប់ «ការសម្លាប់រង្គាល» ដោយអ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា។
លោក អឺដូហ្កាន់ បានថ្លែងនៅក្នុងព្រឹត្តិការណ៍ទទួលអាហារពេលល្ងាច iftar នៃពិធិបុណ្យរ៉ាម៉ាដាន នៅសាកលវិទ្យាល័យការពារជាតិថា៖«យើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតរបស់យើង ដើម្បីបញ្ឈប់ការសម្លាប់រង្គាល ស្តារភាពស្ងប់ស្ងាត់ឡើងវិញ និងបង្កើតបទឈប់បាញ់ឡើងវិញ»។
លោក អឺដូហ្កាន់ បាននិយាយថា៖«ខ្ញុំចង់បញ្ជាក់រឿងនេះឲ្យច្បាស់លាស់ និងយ៉ាងជាក់លាក់ៈ យើងនឹងឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកទាំងឡាយណាដែលព្យាយាមធ្វើឲ្យតំបន់របស់យើងលិចលង់ ធ្លាក់ក្នុងការឈាម ទឹកភ្នែក និងការគៀបសង្កត់» ដោយមិនឲ្យមានការបង្កហេតុនៅលើទឹកដីនេះទេ។
លោកបានព្រមានថា៖ «ទីក្រុងតែលអាវីវ ( Tel Aviv) នឹងត្រូវទទួលខុសត្រូវចំពោះការសម្លាប់រង្គាលដែលខ្លួនបានប្រព្រឹត្ត នៅតំបន់ហ្កាហ្សា»។
នៅព្រឹកថ្ងៃអង្គារនោះដែរ ក្រសួងការបរទេសរបស់ប្រទេសទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការសម្លាប់រង្គាលជនជាតិប៉ាឡេស្ទីនរាប់រយនាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បង្ហាញថា គោលនយោបាយប្រល័យពូជសាសន៍របស់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឈានដល់ដំណាក់កាលថ្មីមួយ»។