ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃពុធនេះ បានថ្កោលទោសចំពោះការវាយប្រហារ ដែលបានកំណត់គោលដៅលើក្បួនរថយន្តរបស់ប្រធានាធិបតីសូម៉ាលីលោក Hassan Sheikh Mohamud។
មន្ត្រីបាននិយាយថា គ្រាប់បែកមួយគ្រាប់ដែលគេដាក់នៅតាមដងផ្លូវ បានផ្ទុះនៅជិតនិវេសនដ្ឋានប្រធានាធិបតីកាលពីថ្ងៃអង្គារ ភ្លាមៗបន្ទាប់ពីក្បួនរថយន្តរបស់លោក Mohamud បានចាកចេញពីបរិវេណភូមិគ្រឹះនេះ ប៉ុន្តែប្រមុខរដ្ឋរូបនេះ មិនមានរងរបួសអ្វីឡើយ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា៖«ព្រះរាជាណាចក្រនេះ បញ្ជាក់ឡើងវិញនូវសាមគ្គីភាពជាមួយសាធារណរដ្ឋសហព័ន្ធសូម៉ាលី និងប្រជាជនរបស់ខ្លួន ប្រឆាំងនឹងការគំរាម កំហែងដល់សន្តិសុខ និងស្ថិរភាពរបស់ខ្លួន ដោយបញ្ជាក់ឡើងវិញនូវជំហររឹងមាំរបស់ខ្លួន ក្នុងការបដិសេធគ្រប់ទម្រង់នៃអំពើហិង្សា ភេរវកម្ម និងភាពជ្រុលនិយម»។
របាយការណ៍ បានបញ្ជាក់ថា មនុស្សរហូតដល់ ៤នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានអ្នកកាសែតម្នាក់ ដែលស្ថិតនៅក្នុងអគារក្បែរនោះ ដែលបានដួលរលំ បន្ទាប់ពីគ្រាប់បែកនោះ បានផ្ទុះ។
ក្រុមសកម្មប្រយុទ្ធសូម៉ាលី Al-Shabab បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ក្រុមអ្នកអមដំណើររបស់លោកប្រធានាធិបតី កំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ដើម្បីឆ្ពោះទៅកាន់ខ្សែត្រៀមជួរមុខ នៅក្នុងតំបន់រដ្ឋបាល Middle Shabelle ជាកន្លែងដែលលោក Mahamud ត្រូវបានគេរំពឹងថា នឹងត្រួតពិនិត្យយុទ្ធនាការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ។