អាជ្ញាធរលីបង់បាននិយាយកាលពីថ្ងៃអង្គារថា ប្រជាជនស៊ីរីជិត ១៣.០០០នាក់ បានភៀសខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសលីបង់ ចាប់តាំងពីការសម្លាប់រង្គាលដោយក្រុមប្រកាន់និកាយ នៅឆ្នេរសមុទ្រស៊ីរី កាលពីដើមខែនេះ។
របាយការណ៍ពីអង្គភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយរបស់ប្រទេសលីបង់ បានឲ្យដឹងថា ជនជាតិ ស៊ីរីចំនួន ១២.៧៩៨នាក់ បានមកដល់ និងតាំងទីលំនៅក្នុងភូមិចំនួន ២៣ និងទីប្រជុំជនផ្សេងៗគ្នា នៅក្នុងតំបន់ Akkar ភាគខាងជើងនៃប្រទេសលីបង់ ដោយបន្ថែមថា ភាគច្រើនកំពុងរស់នៅក្នុងផ្ទះ ជាមួយគ្រួសារ ឬមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន។
អំពើហិង្សា បានផ្ទុះឡើងនៅលើឆ្នេរសមុទ្រនៃប្រទេសស៊ីរី ដែលជាតំបន់ដ៏សំខាន់នៃសហគមន៍ជនជាតិភាគតិចអាឡាវីត ( Alawite) របស់អតីតប្រធានាធិបតីលោក បាសា អាល់អាសាដ(Bashar al-Assad) ជាមួយនឹងការវាយប្រហារទៅលើកងកម្លាំងសន្តិសុខ ដែលត្រូវបានស្តីបន្ទោសទៅលើខ្មាន់កាំភ្លើងដែលស្មោះត្រង់នឹងប្រធានាធិបតី ដែលត្រូវបានផ្តួលរំលំ។
យោងតាមចំនួនអ្នកស្លាប់ចុងក្រោយបង្អស់ពីក្រុមឃ្លាំមើលសង្រ្គាមសិទ្ធិមនុស្សស៊ីរី កងកម្លាំងសន្តិសុខស៊ីរី និងក្រុមសម្ព័ន្ធមិត្ត បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១.៥៥៧នាក់ ដែលភាគច្រើនជាជនជាតិ អាឡាវីត។
អ្នករស់នៅតាមឆ្នេរសមុទ្ររាប់ពាន់នាក់ បានភៀសខ្លួនទៅជ្រកកោន នៅក្នុងមូលដ្ឋានទ័ពអាកាស Hmeimim របស់រុស្ស៊ី ដោយអំពាវនាវឲ្យមានការការពារ ខណៈដែលអ្នកផ្សេងទៀត បានភៀសខ្លួនពីភាគខាងត្បូង ទៅកាន់ប្រទេសលីបង់ ដែលនៅជិតខាង។