អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អ៊ីរ៉ង់បានថ្កោលទោស ការបន្តការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាស្ទ្រីប និងបានឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះអរិភាពនៅក្នុងតំបន់។
ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្នកនាំពាក្យក្រសួងនេះ បានហៅការវាយប្រហារទាំងនេះថា ជាការបន្តអំពើប្រល័យពូជសាសន៍ និងការបោសសម្អាតជនជាតិភាគតិចនៅលើទឹកដីនៃប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ហើយបានចង្អុលបង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបជ្វីហ្វ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា៖«ការសម្លាប់រង្គាលពលរដ្ឋប៉ាឡេស្ទីនស្លូតត្រង់រាប់រយនាក់ ក្នុងនោះមានស្ត្រី និងកុមារ» ត្រូវបានធ្វើឡើង ដោយមានការយល់ព្រមរបស់ទីក្រុងវ៉ាស៊ីនតោន រួមទាំងក្នុងអំឡុងពេលនៃការផ្អាកទំនិញចូលទៅក្នុងដែនដីនេះ។
កាលពីថ្ងៃទី១៨ ខែមីនា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ពីការវាយប្រហារយ៉ាង ទូលំទូលាយ ទៅលើទីតាំងរឹងមាំរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា អ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធា នៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាស បានបដិសេធសំណើរបស់សហរដ្ឋអាមេ រិកដែលដាក់ចេញដោយក្រុមអ្នកសម្របសម្រួល និងបេសកជនពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff ។ ការិយាល័យនេះ បានបន្តថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារឡើងវិញលើគោលដៅរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ដើម្បីការពារការដោះលែងចំណាប់ថ្នូរ ហើយថា កងទ័ពនឹងពង្រីកយុទ្ធនាការរបស់ខ្លួន នៅក្នុងតំបន់នេះ។