ប្រណាំងកង់ភ្នំ៖ ក្រោយខកខានរៀបចំការប្រកួត ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំ WURKZ Mountain Bike Series បានរៀបចំការប្រកួតឡើងវិញដោយចាប់ផ្ដើមការប្រកួតជុំទី១ កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅនៅភូមិសាស្ដ្រទីលានភ្នំជាល ខេត្តកំពង់ស្ពឺ ខណៈស្ថាបនិករៀបចំបានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ចំពោះកំណើនអ្នកចូលរួមការប្រកួតឆ្នាំនេះ។

លោក Pierre Yves Catry ស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះបានថ្លែងថា ការប្រកួតជុំទី១ នេះគឺមានកំណើនអ្នកចូលរួមច្រើនមិនធ្លាប់មាននោះទេ បើធៀបនឹងការរៀបចំលើកមុនៗ។ អ្វីដែលគួរឲ្យកត់សម្គាល់ កីឡាករ-កីឡាការិនីចូលរួមទាំងអស់បានរក្សានូវសមត្ថភាព បច្ចេកទេស និងល្បឿនយ៉ាងល្អ ទោះបីខកខានប្រកួត ១ឆ្នាំពេញក៏ដោយ។ លោកថា នេះជាសញ្ញាណវិជ្ជមានមួយដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជា។ សូមបញ្ជាក់ថា ដោយសារបញ្ហាកូវីដ-១៩ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ Mountain Bike Series ឆ្នាំនេះត្រូវបានបង្រួមមករៀបចំត្រឹម ៣ជុំប៉ុណ្ណោះ ដោយជុំទី១ កាលពីចុងសប្ដាហ៍កន្លងទៅបានរៀបចំនៅទីលានភ្នំជាលខេត្តកំពង់ស្ពឺ លើវិញ្ញាសាចំនួន ១៥ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ៤៧៨នាក់ ខណៈជុំទី២ គ្រោងរៀបចំនាថ្ងៃទី១២ ខែធ្នូនៅព្រែកលៀបរាជធានីភ្នំពេញ និងជុំទី៣ ដែលជាជុំផ្ដាច់ព្រ័ត្រនឹងរៀបចំការប្រកួតនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា