សេតវិមាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឯកភាពនៅក្នុងការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវការបញ្ចប់ជាមួយសន្តិភាពយូរអង្វែង ហើយកិច្ចប្រជុំសម្រេចគោលដៅ នឹងត្រូវចាប់ផ្តើមភ្លាមៗ ។
សេតវិមាននិយាយថា មេដឹកនាំងទាំង ២ ឯកភាពថា ចលនាឆ្ពោះទៅរកសន្តិភាព នឹងចាប់ផ្តើមជាមួយបទឈប់បាញ់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកិច្ចចរចាបច្ចេកទេសលើការអនុវត្តបទឈប់បាញ់នៅសមុទ្រខ្មៅ បទឈប់បាញ់ពេញលេញ និងសន្តិភាពអចិន្រ្តៃយ៍ ។ កិច្ចចរចាទាំងនេះ នឹងចាប់ផ្តើមភ្លាមៗនៅតំបន់មជ្ឈិមបូព៌ា ។
ខណៈពេលនោះដែរ វិមានក្រឹមឡាំងបាននិយាយថា លោក Putin បានយល់ព្រមផ្អាកការវាយប្រហារលើគោលដៅថាមពលរបស់អ៊ុយក្រែនរយៈពេល ៣០ ថ្ងៃ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែននឹងគាំទ្រសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ប៉ុន្តែលោកបានព្រមានថា រុស្ស៊ីកំពុងព្យាយាមអូសពេលការចរចាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងធ្វើឲ្យទីក្រុង Kyiv ចុះខ្សោយដោយការទាមទារថ្មីៗ ដូចជាការបញ្ឈប់ការកេណ្ឌទ័ពផងដែរ ៕