ការផ្ទុះបានជះពន្លឺពេញផ្ទៃមេឃពីលើទីក្រុងគីវ កាលពីយប់ថ្ងៃអង្គារម្សិលមិញ ពេលដែលស៊ីរ៉ែនវាយឆ្មក់បានបន្លឺឡើង នៅទូទាំងរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនមួយនេះ ។
វាបានកើតមានឡើង ស្របពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយកាលពីថ្ងៃអង្គារថា លោកយល់ព្រមឈប់វាយប្រហារបណ្តោះអាសន្នលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ប៉ុន្តែលោកបដិសេធន៍មិនយល់ព្រមចំពោះបទឈប់បាញ់រយៈពេល ៣០ថ្ងៃដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សង្ឃឹមថា វានឹងក្លាយជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ ។
អ៊ុយក្រែននិយាយថា ពួកគេគាំទ្រកិច្ចព្រមព្រៀងបន្ធូរបន្ថយអរិភាព ដែលតម្រូវឲ្យប្រទេសទាំង ២ ផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលគ្នាទៅវិញទៅមកសម្រាប់រយៈពេល ៣០ថ្ងៃ ។
ក្រុមអ្នកជំនាញ និយាយថា លោក Putinចៀសវាងការផ្តល់សម្បទានសំខាន់ៗ ជាអ្វីដែលអាចចំណេញពេល ខណៈទាហានរុស្ស៊ីរុលទៅមុខនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ។
សេតវិមាននិយាយថា កិច្ចប្រជុំសំដៅឆ្ពោះទៅរកផែនការសន្តិភាពធំទូលាយ នឹងចាប់ផ្តើមភ្លាមៗ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នោះទេថាតើអ៊ុយក្រែននឹងមានការជាប់ពាក់ព័ន្ធឬយ៉ាងណា ។
ខណៈពេលនោះដែរ រុស្ស៊ី និងអ៊ុយក្រែន បានចោទដាក់គ្នាទៅវិញទៅមកនៅព្រឹកថ្ងៃពុធនេះ ថាបានបើកការវាយប្រហារតាមអាកាស ដែលបង្កឲ្យមានអគ្គិភ័យ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក Putin យល់ព្រមបញ្ឃប់ការវាយប្រហាររយៈពេលខ្លីលើបណ្ដាញថាមពលអ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរសព្ទរយៈពេល ១ម៉ោងកន្លះជាមួយលោក Trump ៕