ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយកប្រតិបត្តិធំៗ ក្នុងវិស័យប្រេង នៅសេតវិមាន នាថ្ងៃពុធ (ទី១៩ ខែមីនា) នេះ ខណៈដែលលោកមានគម្រោងជំរុញផលិតកម្មថាមពល ក្នុងស្រុក ចំពេលមានការធ្លាក់ចុះតម្លៃប្រេងឆៅ និងសង្រ្គាមពាណិជ្ជកម្មជិតកើតឡើង។
ការជួបជុំនេះ នឹងកា្លយជាការអង្គុយលើកដំបូងរបស់លោក Trump ជាមួយបណ្ដាថ្នាក់ដឹកនាំវិស័យប្រេង និងឧស្ម័ន ចាប់តាំងពីលោកបានវិលត្រលប់ទៅកាន់សេតវិមានវិញ កាលពីខែមករា សម្រាប់អាណត្តិទី២ ក្នុងនាមជាប្រធានាធិបតីអាមេរិក។
បើយោងតាមប្រភពមួយដែលដឹងពីការរៀបចំផែនការនៃព្រឹត្តិការណ៍បិទទ្វារនេះ បានឲ្យដឹងថា ជំនួបនេះនឹងរួមបញ្ចូលសមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់វិទ្យាស្ថានប្រេងអាមេរិក (API) ផងដែរ។
បើបើយោងតាមជីវប្រវត្តិសាធារណៈ បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន ExxonMobil លោក Darren Woods នាយកប្រតិបត្តិក្រុមហ៊ុន Chevron លោក Mike Wirth នាយកប្រតិបត្តិក្រុមហ៊ុន ConocoPhillips លោក Ryan Lance នាយកប្រតិបត្តិក្រុមហ៊ុន Phillips 66 លោក Mark Lashier និងនាយកប្រតិបត្តិក្រុមហ៊ុន Marathon Petroleum លោកស្រី Maryann Mannen ស្ថិតក្នុងចំណោមបណ្ដាថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រតិបត្តិរបស់ក្រុមពាណិជ្ជកម្មនេះ។
ប្រភពនោះបានបន្ថែមថា កិច្ចប្រជុំនេះនឹងក្លាយជាផ្នែក «ដ៏ជោគជ័យ» មួយ សម្រាប់ការគាំទ្រដំបូងរបស់ Trump ចំពោះឧស្សាហកម្មនេះ ប៉ុន្តែនាយកប្រតិបត្តិទាំងនោះ ក៏ត្រូវបានគេរំពឹងផងដែរថា នឹងបង្ហាញពីការព្រួយបារម្ភ អំពីសង្គ្រាមពាណិជ្ជកម្ម និងសង្កត់ធ្ងន់អំពីតម្រូវការ ក្នុងការដំឡើងតម្លៃប្រេង ដើម្បីជួយបំពេញតាមការសន្យារបស់លោកប្រធានាធិបតី ក្នុងការបង្កើនផលិតកម្មក្នុងស្រុក៕