វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១៩ ខែមីនា) នេះ បានប្រាប់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump មានការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ និងប្តេជ្ញាស្តារឡើងវិញនូវទំនាក់ទំនងដែលខូចខាតយ៉ាងធ្ងន់ធ្ងរ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីម្ដងបន្តិចៗ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយបែបនេះ បន្ទាប់ពីលោក Putin និងលោក Trump បានសន្ទនាគ្នាតាមទូរសព្ទ កាលពីថ្ងៃអង្គារ ហើយមេដឹកនាំរុស្ស៊ី បានយល់ព្រមបញ្ឈប់ការវាយប្រហារទីតាំងថាមពលរបស់អ៊ុយក្រែនជាបណ្តោះអាសន្ន ប៉ុន្តែបានបដិសេធមិនគាំទ្របទឈប់បាញ់រយៈពេល ៣០ថ្ងៃទាំងស្រុងនោះទេ ជាជំហានដែលលោក Trump បានសង្ឃឹមថា នឹងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។
លោក Peskov បាននិយាយថា៖ «ខ្ញុំអាចនិយាយដោយមានទំនុកចិត្តខ្ពស់ថា លោកប្រធានាធិបតី Putin និងលោក Trump យល់គ្នាទៅវិញទៅមកបានយ៉ាងល្អ ជឿទុកចិត្តគ្នាទៅវិញទៅមក និងមានបំណងធ្វើការឆ្ពោះទៅរកការមានប្រក្រតីភាពនៃទំនាក់ទំនងរុស្ស៊ី-អាមេរិក ម្ដងមួយជំហានៗ»។
លោកបានបញ្ជាក់បន្ថែមថា មានការភ្ជាប់ខ្សែទូរសព្ទដោយផ្ទាល់ រវាងប្រធានាធិបតីនៃប្រទេសទាំង២ និងតំណភ្ជាប់វីដេអូ នៅពេលចាំបាច់ ប៉ុន្តែថា វាស្ទើរតែមិនត្រូវបានប្រើប្រាស់នោះឡើយ ក្នុងអំឡុងរដ្ឋបាលរបស់លោក Joe Biden។ លោកបានសង្កត់ធ្ងន់ថា លោក Putin សង្ឃឹមថា ទំនាក់ទំនងបែបនេះ អាចត្រូវបានប្រើប្រាស់ញឹកញាប់ជាងនេះទៀត៕