វិមានក្រឹមឡាំង និយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ក្រោយការជជែកគ្នាតាមទូរស័ព្ទរវាងលោកប្រធានាធិបតី Vladimir Putin និងលោកប្រធានាធិបតី Donald Trump ហើយនិងបានបាញ់ទម្លាក់យានដ្រូនខ្លួនឯងជាច្រើនគ្រឿង ដែលបានហោះលើអាកាសទៅកាន់ប្រទេសអ៊ុយក្រែន ។
លោក Putin បានយល់ព្រមនឹងសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើសេដ្ឋារចនាសម្ព័ន្ធថាមពលគ្នាទៅវិញទៅមក សម្រាប់រយៈពេល ៣០ថ្ងៃ និងបានបញ្ជាឲ្យយោធារុស្ស៊ី បន្ធូរដៃដល់ពួកគេ ។
ប៉ុន្តែអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ថាបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនកាលពីយប់កន្លងទៅ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា រុស្ស៊ី បានផ្អាកការវាយប្រហារយានដ្រូនលើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ហើយពួកគេបានបាញ់ទម្លាក់យានដ្រូនខ្លួនឯង ៧គ្រឿងផងដែរ ។
ផ្ទុយទៅវិញ លោក Peskov បានចោទប្រកាន់អ៊ុយក្រែនថា មិនគោរពការផ្អាករយៈពេល ៣០ថ្ងៃលើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលគ្នាទៅវិញទៅមក ហើយលោកនិយាយថា ពួកគេបានព្យាយាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី កាលពីយប់កន្លងទៅ ។
នៅព្រឹកថ្ងៃពុធនេះដែរ យោធារុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានព្យាយាមបំផ្លាញដោយចេតនាការផ្អាកបណ្តោះអាសន្នការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលគ្នាទៅវិញទៅមក ជាមួយនឹងការវាយប្រហារលើដឺប៉ូស្តុកប្រេងនៅតំបន់ភាគខាងត្បូងរុស្ស៊ី ៕