បាត់ដំបង៖ លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មប្រចាំសឹង្ហបុរី បានដឹកនាំ ក្រុមហ៊ុនធុរកិច្ចសឹង្ហបុរី-កម្ពុជា (SCBI ) ជួបពិភាក្សាការងារជាមួយ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង សភាពាណិជ្ជកម្មខេត្តបាត់ដំបង និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបាត់ដំបង លើការនាំចេញផលិតផលកម្ពុជា ចូលក្នុងទីផ្សារសឹង្ហបុរី និងជំរុញកិច្ចសហប្រតិបត្តិការស្វែងរកការធ្វើពាណិជ្ជកម្មជាមួយគ្នា ក្រោមកិច្ចសម្របសម្រួលដោយអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំសឹង្ហបុរី និងក្នុងក្របខណ្ឌទំនាក់ទំនងរវាងខេត្តបាត់ដំបង ជាមួយភាគីសឹង្ហបុរី។
ក្នុងជំនួបស្វែងរកឱកាសធ្វើពាណិជ្ជកម្មជាមួយគ្នា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានថ្លែងប្រាប់អនុព័ន្ធពាណិជ្ជកម្មប្រចាំសឹង្ហបុរី និងប្រតិភូក្រុមហ៊ុនធុរកិច្ចសឹង្ហបុរី-កម្ពុជា (SCBI )ថា បាត់ដំបង គឺជាខេត្តដែលមានសក្តានុពល ក្នុងការនាំចេញ ផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ជាច្រើនប្រភេទដូចជា អង្ករ ពោត ដំឡូងមី ស្វាយ និងមៀនប៉ៃលិនជាដេីម។
លោក គឹម ហួត លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះបានអនុម័តច្បាប់ថ្មីមួយ ស្តីពីការវិនិយោគភាពជាដៃគូ ហើយកិច្ចទំនាក់ទំនងនេះស្ថិតក្រោមក្របខ័ណ្ឌនៃច្បាប់ មានការគាំទ្រដោយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ភាគីសឹង្ហបុរី បានបញ្ជាក់ថា ការនាំចេញបានគឺតម្រូវឱ្យមាន បច្ចេកទេសត្រឹមត្រូវ ស្តង់ដារ និងអនាម័យ ហើយក្លឹបសិង្ហបុរីគឺជាដៃគូដ៏ល្អសម្រាប់ ជួយជំរុញបន្ថែមដើម្បីឱ្យមានស្តង់ដារ និងការនាំចេញបាន៕






