នៅថ្ងៃពុធនេះ អ្នករស់នៅក្នុងជំរំជនភៀសខ្លួនមីយ៉ាន់ម៉ា ទទួលបានកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួនពីកម្មវិធីស្បៀងអាហារពិភពលោក(WFP) ស្របពេលដែលទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN)មួយនេះចាប់ផ្តើមបញ្ឈប់ជំនួយដល់មនុស្សរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារមូលនិធិរីងស្ងួត
។
ការកាត់បន្ថយថវិកាជំនួយសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី DonaldTrump រួមចំណែកសំខាន់ក្នុងការខ្វះខាតមូលនិធិសម្រាប់ WFP បង្ខំឲ្យពួកគេកាត់ផ្តាច់ជំនួយសម្រាប់មីយ៉ាន់ម៉ា ដែលត្រូវបានទ្រុឌទ្រោមរួចទៅហើយដោយសារសង្រ្គាមស៊ីវិលរយៈពេល ៤ឆ្នាំ ។
អ្នកស្រី Byar Meeដែលទទួលបានជំនួយចុងក្រោយប្រចាំខែរបស់គាត់មានទឹកប្រាក់បន្ថែម ៥០ដុល្លារ
សម្រាប់ចិញ្ចឹមកូន ៥នាក់នោះ និយាយថា គាត់បន់ស្រន់រាល់យប់កុំឲ្យព័ត៌មានមួយនេះក្លាយជាការពិត
។
អ្នកស្រីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានAFP នៅក្នុងជំរំក្រៅទីក្រុងភាគឦសាន Myitkyina ថា គាត់បន់ដល់ព្រះសុំឲ្យក្រុមអ្នកបរិច្ចាគទទួលបានពរជ័យ
និងអាចជួយពួកយើងម្តងទៀតបាន ។ សូមមេតាជួយពួកយើង និងអាណិតអាសូរដល់ពួកយើងផង ។
ចាប់តាំងពីយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីឆ្នាំ ២០២១ មីយ៉ាន់ម៉ា
បានធ្លាក់ទៅក្នុងជម្លោះសម្លាប់មនុស្សរាប់ម៉ឺននាក់ បង្ខំឲ្យមនុស្សរាប់លាននាក់ ត្រូវជម្លៀសខ្លួន
ហើយនិងរុញច្រានអត្រាភាពក្រីក្រ កើនឡើងដល់ ៥០ភាគរយ ៕

