អ៊ីស្រាអែល បានប្រកាសប្រតិបត្តិការថ្មើជើងជាថ្មីនៅដែនដីហ្កាហ្សាកាលពីថ្ងៃពុធ ១៩ មីនា ហើយបានចេញនូវអ្វីដែលហៅថា "ការព្រមានចុងក្រោយ" ដល់ប្រជាជនក្នុងទឹកដីប៉ាឡេស្ទីនឱ្យប្រគល់ចំណាប់ខ្មាំង និងកម្ចាត់ក្រុមហាម៉ាសចេញពីអំណាច។

កងកម្លាំងអ៊ីស្រាអែល កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះបានបើកការវាយប្រហារតាមអាកាសដ៏សាហាវបំផុតចាប់តាំងពីការចាប់ផ្តើមបទឈប់បាញ់ក្នុងខែមករា ដោយបានសម្លាប់មនុស្សជាង៤០០នាក់នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីបគ្រប់គ្រងដោយក្រុមហាម៉ាស។

យោធាបាននិយាយថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការថ្មើរជើងនៅភាគកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីពង្រីកបរិវេណសន្តិសុខ និងបង្កើតតំបន់ទ្រាប់មួយផ្នែករវាងភាគខាងជើង និងខាងត្បូង។
ស្របពេលអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែកជាថ្មី ទោះមានការអំពាវនាវ និងការថ្កោលទោសពីរដ្ឋាភិបាលបរទេសឱ្យបន្តបទឈប់បាញ់ក៏ដោយ ក៏ជួរដ៏វែងនៃការភៀសខ្លួនជនស៊ីវិលបានលេចឡើងពាសពេញផ្លូវនានានៃតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ។

ក្រុមគ្រួសារដែលមានកុមារតូចៗបានភៀសខ្លួនចេញពីតំបន់ហ្កាហ្សាភាគខាងជើងទៅកាន់តំបន់នានាភាគខាងត្បូងបន្ថែមទៀត ដោយភ័យខ្លាចការបាត់បង់អាយុជីវិត បន្ទាប់ពីអ៊ីស្រាអែល បានជំរុញឱ្យជនស៊ីវិល ចាកចេញពីតំបន់ដែលខ្លួនបានហៅថាជាតំបន់សមរភូមិប្រយុទ្ធ៕