ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា បានបន្តវាយលុកកាន់តែជ្រៅទៅក្នុងទឹកដីភាគខាងកើតកុងហ្គោ រយៈពេលមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីកុងហ្គោ និងរ្វ៉ាន់ដា បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយសម្រុកចូលទៅក្នុងជាយតំបន់ប្រជុំជន Walikale កាលពីល្ងាចថ្ងៃពុធ (១៩ មីនា) នេះបើតាមការលើកឡើងរបស់អ្នកស្រុក។

អ្នកស្រុក Walikale ជាច្រើននិយាយថា សំឡេងកាំភ្លើងបានបន្លឺឡើងចេញពីតំបន់ Nyabangi ដែលនៅជិតនោះ ហើយប្រភពកងទ័ពបាននិយាយថា ក្រុមឧទ្ទាមកំពុងប្រយុទ្ធយ៉ាងតានតឹងជាមួយទាហាន និងកងជីវពលគាំទ្ររដ្ឋាភិបាល បន្ទាប់ពីបានវាយសម្រុកលើទីតាំងកងទ័ពនៅខាងក្រៅទីប្រជុំជននេះ ក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

ទីប្រជុំជន Walikale ដែលស្ថិតនៅក្នុងតំបន់សម្បូរទៅដោយសារធាតុរ៉ែរួមទាំងសំណប៉ាហាំង គឺជាតំបន់ភាគខាងលិចដ៏ឆ្ងាយបំផុតមួយដែលកងកម្លាំង M23 បានទៅដល់ ក្នុងអំឡុងពេលការវាយរុលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ដែលជាការដាក់សម្ពាធបន្ថែមលើកងទ័ពរដ្ឋាភិបាល។

បណ្ដាប្រទេសជិតខាង និងមហាអំណាចបរទេស បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ឈប់នូវអំពើហិង្សានេះ ហើយកាលពីថ្ងៃអង្គារ ប្រធានាធិបតីកុងហ្គោ និងសមភាគីរ្វ៉ាន់ដា បានជួបប្រជុំគ្នានៅប្រទេសកាតា សម្រាប់ការចរចាដោយផ្ទាល់ ហើយភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលអំពាវនាវោ្យមានបទឈប់បាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌ ប៉ុន្តែការបន្តវាយរុលរបស់ពួកឩទ្ទាម M23 បានបង្ហាញពីការប្រឆាំងនឹងសកម្មភាពនេះ៕