ស្របពេលក្រុមបាតុករចេញតវ៉ាពាសពេញផ្លូវ Azza របស់ទីក្រុង ហ្សេរុយសេឡឹម (Jerusalem)នៅជិតលំនៅដ្ឋានឯកជនរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu អ្នកខ្លះបានដុតបំពួកភ្លើងនៅកណ្តាលផ្លូវ ហើយអ្នកផ្សេងទៀត ប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។ក្រុមអ្នកតវ៉ាស្រែកថា យើងមិនបោះបង់អ្នកទេ។
ពេលភ្លៀងចាប់ផ្តើមធ្លាក់តិចៗនៅពេលល្ងាចដ៏ត្រជាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះ កងកម្លាំងនគរបាល បានប្រើកាណុងបាញ់ទឹកទៅលើផ្លូវតូចចង្អៀតមួយក្នុងទីក្រុងហ្សេរុយសេឡឹម ព្រមទាំងបាញ់ទឹកលើក្រុមបាតុករ។
ក្រុមបាតុករបានផ្លុំស្នែង និងកញ្ចែ គ្រវីទង់ជាតិអ៊ីស្រាអែល បដា និងអ្នកតវ៉ាមួយចំនួនព្យាយាមតតាំង ខណៈនគរបាល នៅតែបន្តប្រើកាណុងបាញ់ទឹកដើម្បីបំបែកការតវ៉ានោះ។
មានចំណាប់ខ្មាំងនៅសល់ចំនួន ៥០ នាក់ ប្រហែល២៤នាក់ត្រូវបានគេជឿថានៅមានជីវិត នៅតែត្រូវបានឃុំខ្លួនក្នុងទឹកដីហ្កាហ្សា ។ការតវ៉ានេះត្រូវគេមើលឃើញថាជាការបន្ថែមសម្ពាធថ្មីទៀតពីក្រុមបាតុករដែលចោទប្រកាន់រដ្ឋាភិបាលពីបទបន្តសង្រ្គាមសម្រាប់ហេតុផលនយោបាយ និងក្រោយអ៊ីស្រាអែលវាយប្រហារតាមអាកាសជាថ្មីលើតំបន់ហ្កាហ្សាសម្លាប់មនុស្សជាង៤០០នាក់ ក៏ដូចជាការវាយប្រហារសង្គ្រាមថ្មើរជើងថ្មីមួយទៀតលើហ្កាហ្សានៅសប្ដាហ៍នេះ។
ក្រុមបាតុករ និងនគរបាល បានប៉ះទង្គិចគ្នាក្នុងពេលព្យាយាមរុញក្រុមបាតុករចេញពីការប្រមូលផ្តុំ។ បាតុករខ្លះបានចំណាយពេលនៅឯការតវ៉ាមួយនៅទីលានចតុរង្គប៉ារីស ជាទីដែលការប្រមូលផ្តុំពាក់អាវពណ៌ស Shift 101 ភាគច្រើនជាការតវ៉ាដោយស្ងាត់ស្ងៀម អង្គុយនៅតាមផ្លូវដោយបិទផ្លូវអស់ជាច្រើនម៉ោង៕